អ្នកចាំទីឡើងដៃ ១រូប របស់ Manchester United កំពុងស្ថិតក្នុងរ៉ាដារបស់ PSG, Chelsea និង Tottenham

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៤:០៩
Dean Henderson កំពុងបង្ហាញសមត្ថភាពក្នុងការសង្គ្រោះបាល់យ៉ាងលេចធ្លោនៅក្លឹប Sheffield United ដែលខ្ចីជើងពីក្លឹប Manchester United។ អ្នកចាំទីសញ្ជាតិអង់គ្លេស វ័យ ២២ឆ្នាំរូបនេះ បានធ្វើឱ្យក្លឹបធំៗមួយចំនួនអន្ទះសាចង់បានយ៉ាងខ្លាំងបន្ទាប់ពីនាំ Sheffield United ត្រលប់មក Premier League វិញកាលពីរដូវកាល ២០១៨-២០១៩ និងកំពុងតែធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយបាននាំ Sheffield United ឈរនៅលេខរៀងទី៥ ក្នុងតារាងពិន្ទុរបស់ Premier League គិតត្រឹមសប្តាហ៍ទី២៥នេះ ។
អ្នកចាំទី Dean Henderson សង្គ្រោះបាល់ពីការស៊ុតរបស់ក្រុម Manchester City
Dean Henderson នឹងត្រលប់ទៅក្លឹប Manchester United វិញ ក្រោមបញ្ចប់រដូវកាលនេះ ប៉ុន្តែហាក់ពិបាកក្នុងការប្រជែងជាមួយអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ David de Gea ខណៈដែលក្លឹបអ្នកមានបារាំង PSG ក្លឹបតោខៀវ Chelsea និងក្លឹបមាន់ក្នាយមាស Tottenham Hotspur កំពុងសម្លឹងរកអ្នកចាំទីដៃទី១ វ័យក្មេង និងសក្តិសម។
អ្នកចាំទី Dean Henderson ពេលនៅលេងជាយុវជនរបស់ក្លឹប Manchester United
ហើយ Dean Henderson ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីគ្រូធំជម្រើសជាតិអង់គ្លេស លោក Gareth Southgate សម្រាប់ពាបរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រជែងដំណែងអ្នកចាំទីដៃទី១ ខណៈដែល Jordan Pickford អ្នកចាំទីដៃទី១ របស់ជម្រើសជាតិអង់គ្លេសបច្ចុប្បន្នហាក់ធ្វើមិនបានល្អនៅក្លឹប Everton។
អ្នកចាំទី Dean Henderson ពេលលេងឱ្យជម្រើសជាតិអង់គ្លេស អាយុក្រោម ២១ឆ្នាំ
Dean Henderson បង្ហាញខ្លួនឱ្យ Sheffield United ចំនួន ២៤ប្រកួត ក្នុង Premier League ដោយរបូតគ្រាប់បាល់ចំនួន ២១គ្រាប់ និងកំពុងប្រជែងស្រោមដៃមាសជាមួយអ្នកចាំទី Nick Pope របស់ Burnley និង Allison Becker របស់ Liverpool ដែលបានរក្សាសំណាញ់ទីចំនួន ៩ដង ដូចគ្នា។
តារាងរក្សាសំណាញ់ទី (Clean Sheets) នៅ Premier League គិតត្រឹមសប្តាហ៍ទី២៥
យ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលក្លឹបធំៗទាំងនោះ ផ្តល់នូវតម្លៃខ្លួនសម្រាប់អ្នកចាំទី កម្ពស់ ១.៨៨ម៉ែត្រ រូបនេះនៅឡើយទេ ខណៈតម្លៃខ្លួនក្នុងទីផ្សារកីឡាកររបស់គេ កើនឡើងដល់ ១៥លានផោន៕