លេងសើចម៉េចបាន! Man UTD ចូលខ្លួនមកប្រជែងក្លិបយក្ស៣ ចង់បានខ្សែប្រយុទ្ធឆ្នើម PSG រូបនេះ

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៤:០១
អង់គ្លេស៖ ក្លិប Manchester United គឺជាក្លិបមួយក្នុងចំណោមក្លិបទាំង៤ ដែលបានដាក់ការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបារាំង Paris Saint-Germain កីឡាករ Kylian Mbappe នេះបើតាមសេចក្ដីរាយការណ៍។
កីឡាករ Kylian Mbappe
កីឡាករវ័យ២១ឆ្នាំ Mbappe កំពុងតែលេចឭព័ត៌មានជាច្រើនមកថាកំពុងតែសម្លឹងមើលក្នុងការចាកចេញពីក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំង ក្រោយមានបញ្ហារកាំរកូសជាមួយនឹងគ្រូបង្វឹកលោក Thomas Tuchel កាលពីពេលកន្លងទៅ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន El Desmarque ក្លិប PSG ទទួលបានសំណើមួយចំនួនហើយក្នុងការចរចាទិញយកខ្សែប្រយុទ្ធវ័យក្មេងដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 គឺកីឡាករ Mbappe។ Manchester United, Liverpool, Barcelona និង Real Madid សុទ្ធសឹងតែបានដាក់ចិត្តចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ Monaco រូបនេះ។
កីឡាករ Kylian Mbappe
យ៉ាងណាមិញ ប្រភពដដែលបានបន្តឲ្យដឹងថា Mbappe មិនបានចាប់អារម្មណ៍អំពីរឿងនោះទេ។ PSG ហាក់មិនមានសង្ឃឹមក្នុងការបន្តកុងត្រាថ្មីជាមួយ Mbappe ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Parc des Princes នឹងអស់សុពលភាពនៅឆ្នាំ២០២១។ កាលពីដើមខែកន្លងទៅ មានព័ត៌មានក្រៅផ្លូវការមួយចំនួនបានចុះផ្សាយថា ក្លិបយក្សអេស្ប៉ាញ​ Real Madrid និងសាម៉ីកីឡាករ Kylain Mbappe បានឈានដល់កិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នា អមដោយតម្លៃនៃការផ្ទេរបំបែកឯកតទគ្គកម្មពិភពលោក។
កីឡាករ Kylian Mbappe
គួរឲ្យដឹងផងដែរថា សម្រាប់រដូវកាល ២០១៩/២០ Mbappe បង្ហាញខ្លួនឲ្យ PSG គ្រប់ព្រឹត្តិការណ៍ទាំងអស់ចំនួន២៨ប្រកួត រកបាន២៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១៥ដង៕