កំសត់ណាស់ពេលបានដឹងជីវិតពិតរបស់ក្មេងប្រុស ដែលបានជួយអាយុជីវិតមនុស្ស ៨នាក់ក្នុងហេតុការណ៍បាញ់រះនៅថៃ

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៦:០៤
ថៃ៖ អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបខ្លះហើយអំពីករណីបាញ់ប្រហារមួយនៅខេត្តនគររាជសីមា កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់សរុប ៣០នាក់ (បូកទាំងខ្មាន់កាំភ្លើង) និង៥៨នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត ក៏មានយុវជនឈ្មោះ អាទីវ៉ា វ័យ ១៨ឆ្នាំម្នាក់ដែរ។អាទីវ៉ា ជាសិស្សទើបបញ្ចាប់ថ្នាក់វិទ្យាល័យមកពីខេត្តបុរីរ៉ាម និងបានមកបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងខេត្តនគររាជសីមា។ តែជាអកុសលនៅថ្ងៃកើតហេតុ អាទីវ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រាដែលគេព្យាយាមរារាំងមិនឲ្យខ្មាន់កាំភ្លើងចូលទៅក្នុងបន្ទប់ក្លាហ្សេមួយដែលស្ថិតក្នុងផ្សារទំនើប ក្នុងគោលបំណងការពារអាយុជីវិតមនុស្ស នាក់ផ្សេងទៀតដែលកំពុងលាក់ខ្លួននៅខាងក្នុងនោះ។
ទិដ្ឋភាពពិធីបុណ្យសពរបស់ អាទីវ៉ា
យោងតាមជីដូនវ័យ ៧៣ឆ្នាំរបស់ជនរងគ្រោះខាងលើបានបញ្ជាក់ថា ចៅប្រុសរបស់គាត់បានទៅខេត្តនគររាជសីមា ដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីរូបគេបញ្ចាប់ថ្នាក់វិទ្យាល័យក្នុងខេត្ដបុរីរ៉ាម ហើយម្ដាយរបស់ អាទីវ៉ា ក៏បានទៅខេត្តនគររាជសីមាជាមួយផងដែរធ្វើការជាបុគ្គលិកអនាម័យ ដើម្បីរកប្រាក់ឲ្យគេបានចូលរៀនថ្នាក់មហាវិទ្យាល័យ។ លោកយាយបន្ដថា នៅថ្ងៃកើតហេតុគាត់មិនបានមើលទូរទស្សន៍ឡើយ ដូច្នេះហើយគាត់មិនបានដឹងពីស្ថានភាពយ៉ាងណានោះទេ។ រហូតទាល់តែអ្នកជិតខាងរបស់គាត់បានដឹង និងប្រាប់ដំណឹងដ៏សោកសៅនេះមកគាត់បន្ត។ ទោះជាយ៉ាងណាក៏ដោយ លោកយាយសង្ឃឹមថារដ្ឋាភិបាលថៃនឹងចេញមុខជួយគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ៕
ក្មេងប្រុស អាទីវ៉ា
ក្មេងប្រុស អាទីវ៉ា