ពិតជាចិត្តល្អមែន! អតិថិជនអាចប្រមូលអាហារ ដោយឥតគិតថ្លៃ​ ប្រសិនបើពួកគាត់អាចដោះស្រាយលំហាត់គណិតវិទ្យា កម្រិតថ្នាក់បឋមបាន (មានវីដេអូ)

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៦:២៣
អាមេរិក៖ លោក Ahmed Alwan អាយុ២០ឆ្នាំ​ ដែលជានិស្សិត និងជាអ្នកគិតថ្លៃទំនិញ នៅក្នុងហាងមួយ បានបង្កើតកម្មវិធីប្រកួតប្រជែងសប្បាយៗ សម្រាប់អតិថិជនរបស់ខ្លួន។ អតិថិជនប្រចាំហាង Lucky Candy ក្នុងសង្កាត់ Bronx នៃទីក្រុងញូយ៉ក អាចនឹងទទួលបាន ចំណីអាហារដោយឥតគិតថ្លៃ ប្រសិនបើពួកគេអាចដោះស្រាយ លំហាត់គណិតវិទ្យាងាយៗ ហើយអាចធ្វើការប្រមូលទំនិញ នៅលើធ្នើរ ដែលពួកគេចង់បាន ត្រឹមរយៈពេល៥វិនាទីតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពួកគាត់មិនអាចយក នោះគឺសត្វឆ្មា នៅក្នុងហាងនេះឯង។ កាលពី២សប្ដាហ៍មុន Alwan បានសម្រេចចិត្ត លេងហ្គេមជាមួយអតិថិជន នៅក្នុងហាងរបស់គាត់ ហើយវាពិតជា ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។ Alwan បានឆ្លើយប្រាប់អ្នកយកព័ត៌មានរបស់ CNN ថា «អ្វីដែលខ្ញុំអាចធ្វើទៅបាន គឺការជួយមនុស្ស»។ «ប៉ុន្តែ រូបខ្ញុំគ្រាន់តែចង់ បង្កលក្ខណៈសប្បាយរីករាយតែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំបានបង្កើតការប្រកួតប្រជែងមួយ​ នៅលើបណ្ដាញសង្គម TikTok ដោយសួរអតិថិជនរបស់ខ្ញុំ នូវលំហាត់គណិតវិទ្យាចំនួនមួយ។ វាបានផ្ដល់ការកម្សាន្តនិងការអប់រំ ដែលអាចផ្ដល់ស្នាមញញឹម ដល់អ្នករាល់គ្នាផងដែរ»។
លោក Ahmed Alwan ជាមួយនឹងពិធីការីនី
គ្រាន់តែរៀបចំកម្មវិធីមួយនេះឡើង លោកបានទទួល followers ចំនួន៣០០,០០០ នៅលើ TikTok និងចំនួន១៧,០០០ នៅលើ Instagram។ នៅក្នុងវីដេអូមួយចំនួន Alwan បានសួរអតិថិជនរបស់លោក នូវសំណួរសាមញ្ញមួយចំនួនដូចជា «ប្រាំគុណនឹងប្រាំស្មើនឹងប៉ុន្មាន?» ឬ «ប្រាំបួនគុណនឹងប្រាំបួន រួចដកប្រាំ ស្មើនឹងប៉ុន្មាន?»។ អ្នកដែលអាចឆ្លើយត្រូវ នឹងមានឱកាសជ្រើសរើសចំណីអាហារ ដែលពួកគេចង់បាន ត្រឹមរយៈពេល៥វិនាទី។ ជាទូទៅ Alwan តែងតែផ្ដល់ឱកាសដល់ពួកគាត់ លើសពី៥វិនាទី។ ហើយមិនថាទំនិញដែលពួកគេប្រមូលបាន ថ្លៃប៉ុន្មាននោះទេ តម្លៃនៅតែឥតគិតថ្លៃដដែល។ Alwan តែងតែចំណាយគ្រប់បែបយ៉ាង ពីព្រោះលោកចង់ជួយមនុស្ស នៅក្នុងសហគមន៍ ដែលមានប្រាក់ចំណូលទាប។ លោក Saleh Aobad ដែលជាម្ចាស់ហាង និងជាឪពុករបស់ Alwan ផងដែរ បាននិយាយថា គាត់ពិតជាមានមោទកភាព ចំពោះកូនប្រុសរបស់គាត់ខ្លាំងណាស់៕