ក្រុមបាតុករអ៊ុយក្រែនរាប់សិបនាក់ លើកគ្នាវាយប្រហារឡានក្រុងដឹកអ្នកដំណើរមកពីទីក្រុងវូហាន ​(មានវីដេអូ)

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៦:៥៨
បរទេស៖ ក្រុមបាតុករអ៊ុយក្រែនរាប់សិបនាក់ បានប៉ះទង្គិចគ្នាជាមួយប៉ូលីសកាលពីថ្ងៃព្រហស្បតិ៍​នៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងនៅភាគកណ្តាលប្រទេសអ៊ុយក្រែន ​ព្រោះពួកគេមិនពេញចិត្តចំពោះ​ផែនការរដ្ឋាភិបាលដែលបានជម្លៀសប្រជាជនចេញពីប្រទេសចិនដែលកំពុងរងការ​រាតត្បាតដោយវីរុស​កូរ៉ូណា​។
មន្រ្តីប៉ូលីសបានបើកផ្លូវ ដើម្បីឱ្យរថយន្តក្រុង​ដឹកអ្នកដំណើរ​ទៅមន្ទីរពេទ្យ
​ក្រុមសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសអ៊ុយក្រែន (SBU) បាននិយាយថា ពលរដ្ឋជាច្រើនចាប់ផ្តើមផ្ទុះកំហឹងក្រោយពួកគេ​បានទទួល​ពត៌មាន​ក្លែងក្លាយ​ដែលអះអាងថា​ អ្នកដំណើរដែលគេជម្លៀសមកពីប្រទេសចិនទាំងនោះមានផ្ទុកវីរុសកូរ៉ូណា។
អ្នកស្រុករាប់សិបនាក់បានធ្វើការតវ៉ាប្រឆាំងនឹងការមកដល់របស់ដំណើរ​​ទាំងនោះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាន​និយាយដោយជំរុញឱ្យ​ពលរដ្ឋ​ទាំងអស់ បង្ហាញនូវសាមគ្គីភាព​ ព្រោះពួកយើងទាំងអស់​សុទ្ធតែជាមនុស្ស​ដូចគ្នា។ ប៉ុន្តែ​បើទោះបីលោកនិយាយបែបនោះក្តី ក៏ពលរដ្ឋអ៊ុយក្រែនជាច្រើននៅតែមានការភ័យខ្លាចថាវីរុសនេះអាចរាលដាលពាសពេញទីក្រុង​។
រថយន្តដឹកអ្នកដំណើរត្រូវក្រុមបាតុករនាំគ្នាគប់ដុំថ្មបែកកញ្ចក់
គួរ​ជម្រាបដែរថា ​យន្តហោះអ៊ុយក្រែន​បានដឹកអ្នកដំណើរចេញពីទីក្រុងវូហាន​ប្រទេសចិន ហើយចុះចត​នៅភាគខាងកើតទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ដោយក្នុងនោះដែរ មានដំណើរជនជាតិអ៊ុយក្រែនចំនួន ៤៥ នាក់ និងជនជាតិបរទេសចំនួន ២៧ នាក់​​។ បន្ទាប់ពីការចុះចត រថយន្តចំនួន​ ៦ គ្រឿងបានដឹកដំណើរទៅទាំងនោះទៅកាន់មន្ទីរពេទ្យ​ ប៉ុន្តែត្រូវបានក្រុមបាតុករនាំគ្នាគប់ថ្ម ហើយបិទផ្លូវមិនឱ្យរថយន្តដឹកអ្នកដំណើរទាំងនោះចូលក្នុងមន្ទីពេទ្យ៕
ក្រុមបាតុករនាំគ្នាដុតភ្លើងបិទផ្លូវ
សូមទស្សនាវីដេអូខាងក្រោម៖