ស្ងាត់ៗ! Mourinho និង Lampard ប្រជែងគ្នាយកខ្សែប្រយុទ្ធកំពុងឡើងកូដម្នាក់នៅលីគកំពូលបារាំង

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៦:៣២
អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ជាក្លិបមួយក្នុងចំណោមក្លិបធំផ្សេងទៀតនៅ Premier League ដែលមានចំណាប់អារម្មណ៍ក្នុងផ្ទេរយកខ្សែប្រយុទ្ធក្រុម Amiens កីឡាករ Serhou Guirassy ។ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម SC Amiens ជាក់ស្ដែងក្នុងរដូវកាលនេះ នៅក្របខណ្ឌ Ligue1 គេស៊ុតបាន៨គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន២១ប្រកួត។
កីឡាករSerhou Guirassy
យោងតាមរបាយការណ៍របស់កាសែត​ Sky Sports បានឲ្យដឹងថា Chelsea កំពុងតាមដានពីទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មុនពេលសម្រេចចិត្តផ្ទេរយករូបគេនៅរដូវក្ដៅខាងមុខ។ប្រភពខាងលើបានបន្ថែមទៀតថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏ចាប់អារម្មណ៍ទៅលើ Guirassy ផងដែរ។ ខណៈ Spurs បានបញ្ជូនតំណាងរបស់ខ្លួនទៅទស្សនាការប្រកួតរវាងក្រុម Amiens ទល់នឹងក្រុម Paris Saint-Germain កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងគោលបំណងតាមដានសមត្ថភាពខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ។
កីឡាករ Serhou Guirassy
គួរឲ្យដឹងដែរថា កីឡាករ Guirassy បានផ្លាស់ពីក្រុម  FC Köln មកចូលរួមជាមួយក្រុមបារាំង  Amiens កាលពីខែកក្កដាឆ្នាំ២០១៩ គិតមិនទល់ពេលនេះគេបង្ហាញខ្លួនសរុបបាន៣៦ប្រកួតស៊ុតបញ្ចូលទីបាន១១គ្រាប់។ យ៉ាងណាមិញបើយោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បច្ចុប្បន្នគេមានតម្លៃខ្លួនខ្ទង់១៨លានផោន​ (ឬប្រមាណ ២៣លានដុល្លារ)៕