ការសិក្សាបង្ហាញថា បុរសអាចនឹងមានលទ្ធភាពបង្កកំណើតទាប ប្រសិនបើបរិភោគប្រភេទអាហារទាំងនេះ

  • ព្រហស្បតិ៍ ២៧ កុម្ភៈ, ២០២០ ០៧:៥៥
អាមេរិក៖ ជាការពិតណាស់ ប្រភេទអាហារនីមួយៗសុទ្ធសឹងតែផ្ដល់នូវផលវិជ្ជមាន និងអវិជ្ជមានដល់សុខភាពអ្នកទទួលទាន។ ក្នុងនោះដែរ មានអាហារមួយចំនួនត្រូវបានអ្នកស្រាវជ្រាវរកឃើញថា អាចបង្កផលប៉ះពាល់ដល់សុខភាពបន្ដពូជរបស់បុរស។យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញប្រចាំសកលវិទ្យាល័យ Harvard បានឲ្យដឹងថាបុរសភាគច្រើនដែលបរិភោគប្រភេទអាហារដែលមិនសូវល្អសម្រាប់សុខភាពដូចជា ភីហ្សា ប៊ឺហ្គឺរ និងដំឡូងចៀន ទំនងជាមានអត្រាបង្កកំណើតទាប ក៏ដូចជាទំហំពងស្វាសតូចជាងអ្នកដែលមិនបរិភោគអាហារទាំងអស់នេះ។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពី ការវិភាគសុខភាព និងរបបអាហាររបស់បុរសចំនួន ២,៩៣៥នាក់ ដែលមានអាយុ១៩ឆ្នាំ កំឡុងពេលពួកគេប្រលងចូលបម្រើការជាយោធា។
អាហារ
យោងតាមអ្នកដឹកនាំការស្រាវជ្រាវខាងលើ លោកវេជ្ជបណ្ឌិត Feiby Nassan បានឲ្យដឹងថា បុរសអាចបង្កើនលទ្ធភាពបង្កកំណើតរបស់ពួកគេបាន ដោយគ្រាន់តែទទួលទានរបបអាហារដែលសម្បូរទៅដោយសាច់ត្រី សាច់មាន់ ផ្លែឈើ និងទឹកដែលជាអ្នកជំនួយដល់ការបង្កើតមេជីវិតឈ្មោលច្រើនជាងគេ ហើយក៏អាចជំនួយឲ្យពងស្វាសរីកធំជាងមុនបានថែមទៀតផង។លោកបន្ថែមថា ការប្រកាន់ខ្ជាប់នូវការទទួលទានរបបអាហារដែលមានសុខភាព អាចជួយឲ្យទឹកកាមមានគុណភាពក្នុងការបង្កកំណើតកាន់តែខ្លាំង ប្រសិនបើអ្នកជាមនុស្សពេញវ័យ។
មេជីវិត
តាមការស្រាវជ្រាវមួយទៀត ដែលបានចុះផ្សាយនៅក្នុងទំព័រការសែតមួយបានបង្ហាញថា អ្នកដែលចូលចិត្តបរិភោគបន្លែច្រើនគឺស្ថិតនៅលំដាប់ទី២ ដែលមានលទ្ធភាពខ្ពស់ក្នុងការបង្កកំណើត ដោយពិនិត្យទៅលើទំហំពងស្វាស និងមេជីវិតឈ្មោល។ រីឯអ្នកទទួលទានរបបអាហារដូចជា ទឹកដោះគោ និងប្រភេទត្រីឆ្អើរ ឬត្រីក្រៀម ត្រូវបានគេចាត់ថ្នាក់ឲ្យនៅត្រឹមលេខរៀងទី៣ ព្រោះក្រុមអាហារប្រភេទនេះ ពុំសូវជំនួយដល់ការផលិតមេជីវិតឈ្មោលប៉ុន្មានទេ។ ហើយតាមរយៈការធ្វើតេស្ដមួយផ្សេងទៀតបានរកឃើញថា ចំពោះបុរសដែលបរិភោគអាហារដែលមានសុខភាព ជាមធ្យមពួកគេអាចមានលទ្ធភាពបង្កើតមេជីវិតឈ្មោលរហូតទៅដល់ ១៦៧លានសម្រាប់ទឹកកាមមួយដំណក់ និងបរិមាណពងស្វាសចំនួន ១៣.៧ មីលីលីត្រ។ រីឯអ្នកចូលចិត្តបរិភោគអាហារកែច្នៃ ឬប្រភេទសាច់ពណ៌ក្រហម ជាមធ្យមពួកគេអាចមានលទ្ធភាពបង្កើតមេជិវិតឈ្មោលបានត្រឹមតែ១២២លានសម្រាប់ទឹកកាមមួយដំណក់ និងបរិមាណពងស្វាសចំនួន ១៣.១ មីលីលីត្រតែប៉ុណ្ណោះ៕