ទុក្ខលំបាករបស់ប្រពន្ធ តើមានមនុស្សប្រុសដែលជាប្ដីប៉ុន្មាននាក់ទៅ ដែលអាចដឹង និងយល់បានច្បាស់នោះ?

រវាងមនុស្សប្រុសនិងមនុស្សស្រី រមែងមានទុក្ខលំបាកក៏ដូចជាបញ្ហាការងារផ្សេងៗពីគ្នា តែសម្រាប់មនុស្សស្រីវិញ នាងត្រូវបន្ថែមតួនាទីពីលើការងារ ឬរបររកស៊ីមួយកម្រិតទៀត ពោលគឺនាងត្រូវរ៉ាប់រងនូវកិច្ចការងារផ្ទះ មើលថែទាំកូន និងគាប់បម្រើប្ដី ជាដើម ដែលទាំងនេះហើយជាអ្វីដែលនាងមិនអាចទុកចោលបាន។ប្ដីទាំងឡាយតែងនិយាយថា «ខ្លួនឯងធ្វើការខាងក្រៅ រកលុយសម្រាប់ទំនុកបម្រុងគ្រួសារ គឺជាការងារដ៏លំបាក មានសម្ពាធ និងទំនួលខុសត្រូវខ្ពស់ណាស់» តែចំពោះរឿងនេះនាងជាប្រពន្ធក៏ដឹងដែរ ព្រោះនាងក៏មានចំណែក ធ្វើការ រកស៊ី​រកលុយដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារដូចគ្នា ហើយការលំបាក ឬហត់នឿយបែបណាខ្លះនោះ នាងប្រាកដជាបានដឹងច្បាស់់ណាស់។
រូបតំណាង
ប៉ុន្តែសម្រាប់ទុក្ខលំបាក ភាពហត់នឿយរបស់ប្រពន្ធក្នុងការបំពេញកិច្ចការងារផ្សេងៗនៅក្នុងផ្ទះ និងមើលថែទាំកូនៗនោះ តើមានលោកប្ដីប៉ុន្មាននាក់បានដឹងច្បាស់ដែរទៅ?​  បើប្ដីខ្លះវិញមិនដែលនឹងជួយការងារផ្ទះរបស់ប្រពន្ធផងនោះ គិតថាខ្លួនធ្វើការងារហត់ គិតថាខ្លួននឿយណាស់ ចុះប្រពន្ធវិញតើលោកប្តីធ្លាប់ដែលគិត បារម្ភ យកចិត្តទុកដាក់ ខ្វល់ពីអារម្មណ៍ប្រពន្ធខ្លះទេ? អ្នកហត់នឿយអ្នកក៏អាចចេញទៅក្រៅ ដើរលេង ស៊ីផឹក ជួបជុំមិត្តភ័ក្តិ ប៉ុន្តែសម្រាប់ប្រពន្ធវិញ នាងក៏ហត់ នាងក៏លំបាក ព្រោះតែធ្វើកិច្ចការងារផ្ទះ ឈ្មោះជាស្ត្រីមេផ្ទះជាការងារដែលនាងពិបាកនឹងទុកចោលណាស់ ធ្វើច្រើនវាហត់នឿយខ្លាំង បើមិនធ្វើប្រាកដជាគេដៀលថាជាស្រីកញ្ជើធ្លុះ មិនមើលមិនធ្វើការងារផ្ទះជាក់ជាមិនខានឡើយ។តែទោះជាយ៉ាងណា ទោះការងារហត់ លំបាកប៉ុនណា ក៏នាងព្រមរ៉ាប់រងធ្វើដែរ គ្រាន់តែនាងសុំតែម្យ៉ាងប៉ុណ្ណោះគឺ សុំឱ្យប្ដីនាងយល់ចិត្តនាងផង ដឹងពីទុក្ខលំបាករបស់នាងផង បើអាចជួយរំលែកកិច្ចការងាររបស់នាងផងក្នុងគ្រួសារតែមួយ ជួយគ្នាមួយដៃមួយជើង ទើបមិនលំបាកវេទនាតែម្ខាង៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ