គួរឲ្យសោកស្ដាយ! យានសម្រាប់ធ្វើដំណើរលើភពអង្គារ ដំបូងគេរបស់អឺរ៉ុប ត្រូវបានពន្យារពេលបង្ហោះ រហូតដល់ឆ្នាំ២០២២ ដោយសារជំងឺកូវីដ-១៩

បរទេស៖ យានសម្រាប់ធ្វើដំណើរលើភពអង្គារដំបូងគេ របស់អឺរ៉ុប នឹងត្រូវបានពន្យារការបាញ់បង្ហោះ។ ទីភ្នាក់ងារអវកាសអឺរ៉ុបនិងភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានពន្យារពេលការបាញ់បង្ហោះរបស់ខ្លួន ដោយសារការព្រួយបារម្ភ អំពីវីរុសកូរ៉ូណា។ យានដែលនឹងត្រូវចុះចត នៅភពអង្គារ មានឈ្មោះថា ExoMars ឬ Rosalind Franklin ដែលជាឈ្មោះ ដើម្បីរំលឹកដល់គីមីវិទូជនជាតិអង់គ្លេសនិងអ្នករកឃើញ DNA ដំបូងគេបង្អស់ ហើយវាគ្រោង នឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២០។ ឥឡូវនេះ គម្រោងថ្មីអាចនឹងចាប់ផ្ដើម ដំណើរការជាថ្មី នៅចន្លោះខែសីហា និងតុលា ឆ្នាំ២០២២។
យាន ExoMars របស់ទីភ្នាក់ងារអវកាសអឺរ៉ុបនិងភ្នាក់ងារអវកាសរុស្ស៊ី
ទីភ្នាក់ងារទាំងពីរនេះបានលើកឡើង ពីការព្រួយបារម្ភ លើវីរុសឆ្លងប្រភេទថ្មី ដែលវាជាហេតុផលនៃការពន្យារ។ ការធ្វើតេស្ដបន្ថែមទៀតនឹងធានាថា សមាសធាតុរបស់យានអវកាសត្រូវបានបញ្ចប់ និងត្រៀមខ្លួនរួចរាល់។ បេសកកម្មនេះមានគោលបំណង ស្វែងរកជីវិតនៅលើភពអង្គារ និងស៊ើបអង្កេតប្រវត្ដិទឹក នៅលើភពក្រហមមួយនេះផងដែរ។ យាននេះមានសមត្ថភាពខួងទៅក្រោមផ្ទៃនៃភពអង្គារ ដល់ជម្រៅ ២ម៉ែត្រ ដែលអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ពួកគេអាចរកឃើញសញ្ញានៃជីវិត។ នៅលើយាន ក៏មានបំពាក់ឧបករណ៍សម្រាប់ពិសោធន៍រួចជាស្រេច ដើម្បីស្វែងរកសញ្ញាណជីវិត នៅលើភពនេះ។
រូបតំណាងយាន ExoMars នៅលើភពអង្គារ
គួររម្លឹកផងដែរថា នៅថ្ងៃអាទិត្យ ទី៨ ខែមីនា បុគ្គលិកម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គការណាសា បានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ-១៩ ហើយចំណែកបុគ្គលិកដទៃទៀត ត្រូវបានអនុញ្ញាត ឲ្យធ្វើការនៅផ្ទះផងដែរ៕