អ៊ីយ៉ា! ក្រុមតារាវិទូបានរកឃើញ អង្គថ្មីៗជាច្រើន ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយក្នុងនោះក៏សង្ស័យថា អាចមានភពទី៩ ផងដែរ

អាមេរិក៖ ការរកឃើញដ៏ធំមួយនៃអង្គថ្មីៗ ក្នុងប្រព័ន្ធព្រះអាទិត្យ ត្រូវបានបង្ហាញដោយក្រុមតារាវិទូ នៅក្នុងឯកសារស្រាវជ្រាវថ្មីមួយ ដែលត្រូវបានចេញផ្សាយក្នុងទនិ្ននុប្បវត្តិ Astrophysical Journal Supplement Series។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania បានរកឃើញអង្គទាំងនេះ ដោយការអង្កេត តាមរយៈគម្រោងរបស់អង្គការ Dark Energy Survey (DES) ដែលជាគម្រោងរយៈពេល ៦ឆ្នាំ ហើយបានស្វែងរកឃើញអង្គជាង ៣០០ ដែលបានលាក់ខ្លួន នៅហួសភពណិបទូន។
ប្រព័ន្ធព្រះអាទិត្យ
ក្នុងចំណោមអង្គរាប់រយដែលបានរកឃើញ មានអង្គចំនួន ១៣៩ ដែលក្រុមអ្នកវិទ្យាសាស្ដ្រមិនធ្លាប់ជួប ពីមុនមក។ ទិន្នន័យដែលក្រុមត្រូវបញ្ចូល រួមមានអង្គចំនួនរាប់លានផ្សេងទៀត ដែលត្រូវបានប្រទះ ក្នុងពេលសង្កេត។ នៅពេលក្រុមអ្នកស្រាវជ្រាវកាត់បន្ថយបញ្ជីអង្គ ពួកគេបានចាប់ផ្ដើមដំណើរការ ដែលអាចបញ្ជាក់ថា អង្គទាំងនោះពិតជា ស្ថិតនៅតំបន់នោះពិតមែន។ វាមិនងាយស្រួលនោះទេ ពីព្រោះនៅតំបន់នោះ មានភាពងងឹត និងពិបាកសង្កេត តាមរយៈតេឡេទស្សន៍ចាស់ៗ។ ទៅហួសភពណិបទូន មានអង្គដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ តំបន់នោះក៏ជាគន្លងរបស់ភពភ្លុយតូដែរ ហើយប្រសិនបើយើងទៅឆ្ងាយទៀត យើងនឹងទៅដល់តំបន់ខ្សែក្រវាត់ Kuiper ដែលជាតំបន់សម្បូរទៅដោយអាចម៍ផ្កាយ និងអង្គធំៗ ប៉ុន្តែមិនមែនធំ ដល់ថ្នាក់ចាត់ទុកជាភពមួយបានទេ។ អង្គទាំងនោះមានទំហំធំល្មម ដែលអាចទាក់ទាញចំណាប់អារម្មណ៍ ដល់ក្រុមតារាវិទូ។
តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper នៅឆ្ងាយពីព្រះអាទិត្យ
អង្គដែលត្រូវបានរកឃើញ ដោយគម្រោងអង្គការ DES មានចម្ងាយពី ៣០ទៅ៩០ដង ជាងចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យ។ គេក៏មានការសង្ស័យដែរថា ភពទី៩ក្នុងប្រព័ន្ធអាទិត្យ ប្រហែលជាអាចលាក់ខ្លួន នៅតំបន់នោះ ដែលមិនទាន់ត្រូវបានគេបញ្ជាក់ នៅឡើយទេ។ ហេតុផលមួយដែលនាំឲ្យគេពិបាកសង្កេតតំបន់នោះ គឺថាវាមានពន្លឺតិចតួចណាស់ ដែលពិបាកធ្វើដំណើរទៅដល់។ ការរកឃើញអង្គថ្មីៗទាំងនេះ អាចបង្កើនកំណត់ត្រាថ្មី នៃអង្គនៅហួសភពណិបទូន៕