មិនមែនដោយសារកូវីដ-១៩ទេ! ផែនការចុះចតលើឋានព្រះចន្ទ សាជាថ្មី របស់អាមេរិក នៅឆ្នាំ២០២៤ ប្រហែលជាត្រូវពន្យារពេល

អាមេរិក៖ ក្ដីសុបិនរបស់អង្គការណាសា ក្នុងការវិលត្រឡប់ទៅឋានព្រះចន្ទវិញ អាចនឹងប្រែក្លាយជាមហិច្ឆតា ដ៏ហួសហេតុមួយ។ អ្នកដឹកនាំការរុករករបស់ទីភ្នាក់ងារ លោក Doug Loverro បានប្រកាសថា ផែនការសម្រាប់ស្ថានីយអវកាស Gateway ដែលជាស្ថានីយធ្វើដំណើរតាមគន្លងឋានព្រះចន្ទ អាចនឹងត្រូវបានកំណត់ឡើងវិញ ពោលគឺត្រូវរំកិលរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ។
រូបតំណាង ស្ថានីយអវកាស Gateway
ណាសាត្រូវការចំណាយពេលរៀបចំ ការរចនា និងការប្រើប្រាស់ ដូចដែលបានគ្រោងទុក។ កាលពីដើមសប្ដាហ៍ លោក Loverro​ ក៏បានប្រាប់គណៈកម្មាធិការប្រឹក្សាយោបល់មួយថា ថ្លៃចំណាយនិងបញ្ហាប្រឈមបច្ចេកទេសនឹងបង្ខំឲ្យ អង្គការណាសាធ្វើការប្រែសម្រួល និងធ្វើឲ្យប្រសើរឡើង នូវគោលបំណង ក្នុងការធ្វើដំណើរទៅឋានព្រះចន្ទ។ ក្រុមអ្នករិះគន់បានលើកឡើងថា ការកំណត់ពេលវេលារបស់សេតវិមាន ដែលរួមបញ្ចូលទាំងការចុះចតឋានព្រះចន្ទ នៅឆ្នាំ២០២៤ ហើយនឹងសាងសង់មូលដ្ឋានសម្រាប់មនុស្ស នៅលើឋានព្រះចន្ទ នៅឆ្នាំ២០២៨ គឺជាគោលដៅ ដែលបានបំពាន និងត្រូវបានកំណត់សម្រាប់ផលប្រយោជន៍នយោបាយ ជាជាងការជំរុញការរុករក។
ការចុះចតឋានព្រះចន្ទដំបូងគេ របស់សហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៩
ដើមឡើយ អង្គការណាសាមានផែនការចុះចតនៅឆ្នាំ២០២៨ ប៉ុន្ដែប្រភពព័ត៌មាន Wall Street Journal អះអាងថា រដ្ឋបាលរបស់លោក Trump បានជ្រើសរើសពេលវេលា សម្រាប់ចុះចតនៅឆ្នាំ២០២៤ ដើម្បីធ្វើឲ្យសមស្រប ជាមួយនឹងទ្រឹស្ដីនៃការបញ្ចប់អាណត្ដិទី២ របស់ប្រធានាធិបតី។ វាមិនអាចមានបញ្ហាច្រើននោះទេ ប្រសិនបើអង្គការណាសាដើរតាមគម្រោងរបស់ខ្លួន ដោយជ្រើសរើសការចុះចតឋានព្រះចន្ទ នៅឆ្នាំ២០២៨ ជាជាងឆ្នាំ២០២៤ ហើយការពន្យារពេលប្រហែលជាមិនអាចកើតឡើង​ ដូចពេលនេះដែរ៕