ក្រុមអ្នកស្រាវជ្រាវ បានរកឃើញគ្រោងរង្វង់ចម្លែក ក្នុងយុគទឹកកក ដែលសង់ឡើងដោយឆ្អឹងថនិកសត្វ

រុស្ស៊ី៖ ប្រហែលជា ២៥,០០០ឆ្នាំមុន ក្រុមអ្នកប្រមាញ់បានប្រើប្រាស់ឆ្អឹងថនិកសត្វចំនួន៦០ប្រភេទ ដើម្បីសាងសង់គ្រោងរាងជារង្វង់ដ៏ធំមួយ នៅប្រទេសរុស្ស៊ី។ គ្មានអ្នកណាដឹងពីមូលហេតុ នៃការសាងសង់វាទេ។ ក្រុមអ្នកស្រាវជ្រាវបានជីករុករកកន្លែងនោះបន្ថែម ក្នុងគោលស្វែងយល់ពីវា ប៉ុន្ដែពួកគេនៅតែមិនអាចស្វែងយល់ ពីមូលហេតុនៃការសាងសង់វាទេ។
គ្រោងឆ្អឹងថនិកសត្វដែលត្រូវបានគេ យកទៅសាងសង់ ក្នុងយុគទឹកកក
នេះមិនមែនជាសំណង់ឆ្អឹងថនិកសត្វដំបូងបង្អស់ ដែលត្រូវបានគេរកឃើញ ក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្ដែវាជាគ្រោងចំណាស់ជាងគេ និងធំជាងគេបំផុត មានប្រវែង១២ម៉ែត្រ។ រចនាសម្ព័ន្ធសំណង់ឆ្អឹងថនិកសត្វបែបនេះ ស្ថិតក្នុងយុគទឹកកក ធ្លាប់ត្រូវបានគេរកឃើញ​ នៅទូទាំងតំបន់អឺរ៉ុបខាងកើត។ ប៉ុន្ដែរហូតមកដល់ពេលនេះ គ្រោងចាស់ជាងគេ ធ្លាប់ត្រូវបានគេរកឃើញថា មានអាយុកាល ២២,០០០ឆ្នាំមុន។ ផ្អែកលើការរកឃើញពីមុន ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ពួកវាត្រូវបានសាងសង់ ដោយប្រជាជន Palaeolithic ដើម្បីធ្វើជាជម្រក ក្នុងរដូវរងាដ៏អាក្រក់។ រដូវរងានៅសម័យនោះ​ ទំនងជាមានសីតុណ្ហភាព -២០អង្សាសេ។ ការស្ថាបនាអ្វីមួយ ដែលមានទំហំធំៗបែបនេះ ត្រូវការចំណាយពេលវេលាច្រើនណាស់ ប៉ុន្ដែវាគួរឲ្យភ្ញាក់ផ្អើល ដោយពួកអ្នកប្រមាញ់មិនដែលចំណាយពេល នៅមួយកន្លែងនោះទេ។
ក្រុមអ្នកស្រាវជ្រាវកំពុងជីករក និងស្រាវជ្រាវ នៅសំណង់រាងរង្វង់នោះ
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ឆ្អឹងទាំងអស់នេះត្រូវបានគេរៀបជារង្វង់បន្ដគ្នា ដោយគ្មានច្រកចេញចូលច្បាស់លាស់។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រហូតមកដល់ពេលនេះ ពួកគាត់បានកំណត់អត្ដសញ្ញាណថនិកសត្វចំនួន៥១ និងលលាដ៍ក្បាលចំនួន៦៤។ នៅខាងក្នុងរង្វង់ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញភស្ដុតាងដំបូង ដែលឃើញមានឈើដុត នៅពីក្នុង។ ប៉ុន្ដែសរុបមក មិនមានសញ្ញានៃការស្នាក់នៅរយៈពេលវែង នៅខាងក្នុងគ្រោងរង្វង់នោះទេ៕