អុញ! កម្មវិធី TikTok ទប់ស្កាត់វីដេអូ របស់អ្នកប្រើប្រាស់ ដែលមានរូបសម្រស់មិនស្អាត ឬក្រីក្រ

ចិន៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កម្មវិធី TikTok បានប្រាប់អ្នកសម្របសម្រួលរបស់ខ្លួន ឲ្យពិនិត្យមើលឬទប់ស្កាត់មាតិកា ចំពោះអ្នកប្រើប្រាស់ណាដែលមានរូបសម្រស់មិនសូវស្រស់ស្អាត ឬមានភាពក្រីក្រ។ TikTok បានធ្វើការវិនិច្ឆ័យលើ រូបរាងខាងក្រៅរបស់មនុស្ស ហើយកំណត់ថាតើ គួរផ្សព្វផ្សាយវីដេអូរបស់ពួកគេ នៅលើវេទិការបស់ខ្លួនដែរឬទេ។ នេះរាប់បញ្ចូលទាំងលក្ខណៈដូចជា រាងធាត់ ដុះក្បាល (ដោយសារស្រាបៀរ) មានទម្រង់មុខមិនស្អាត មនុស្សចាស់មានស្នាមជ្រីវជ្រួញច្រើនពេក និងមុខមាត់មិនស្អាត (មិនកំណត់លើ ភ្នែកស្រលៀង មាត់ធ្មេញមិនស្អាត និងពិការភាពផ្សេងៗទៀត)។ ការផ្ដោតសំខាន់លើផ្ទៃខាងក្រោយនៃវីដេអូ ក៏ជាកត្តាមួយដ៏សំខាន់មួយដែរ ព្រោះប្រសិនបើរូបរាងរបស់អ្នកថត ឬបរិស្ថានជុំវិញមិនល្អស្អាត វីដេអូនឹងមិនមានភាពទាក់ទាញ។ ទាំងនេះមិនអាចស្រូបទាញ អ្នកប្រើប្រាស់ថ្មីៗបានទេ។
កម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនByteDance
បន្ថែមពីនេះ ក្រុមអ្នកសម្របសម្រួលក៏ត្រូវបានប្រាប់ ឲ្យយកចិត្ដទុកដាក់ ចំពោះបរិយាកាសជុំវិញ ដូចជាតំបន់អ្នកក្រ ឬតំបន់អាណាធិបតេយ្យ។ បរិស្ថានជុំវិញមិនត្រូវមាន ជញ្ជាំងទ្រុឌទ្រោម ប្រេះ និងការតុបតែងមិនស្អាត នៅផ្ទៃខាងក្រោយនៃវីដេអូនានា។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ TikTok បានប្រាប់ថា គោលការណ៍នេះគឺប្រើ ដើម្បីទប់ស្កាត់ទុកមុន នូវការមើលងាយនិងធ្វើបាប ពីសំណាក់មនុស្សនៅជុំវិញ ដែលអាចប៉ះពាល់ដល់អារម្មណ៍មនុស្សឬជនពិការ។ គោលការណ៍នេះធ្លាប់មានពីមុនមក ប៉ុន្ដែលែងមានការអនុវត្ដទៀតហើយ៕