បុរសម្នាក់ ត្រូវបង្ខំចិត្តបរិច្ចាគទឹកលាងដៃរាប់ពាន់ដប បន្ទាប់ពីប្រមូលទិញក្នុងតម្លៃ១ដប១ដុល្លារ និងព្យាយាមលក់ចេញក្នុងតម្លៃរាប់សិបដុល្លារ

អាមេរិក៖ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបហើយថា ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាតនៅតាមបណ្ដាប្រទេសជាច្រើន បានធ្វើឲ្យម៉ាស់ ក៏ដូចជាទឹកលាងដៃ ក្លាយជារបស់ចាំបាច់មួយសម្រាប់ការពារពីវីរុសនេះ។ ទន្ទឹមនឹងនេះដែរ អីវ៉ាន់ទាំងអស់នេះ លក់ដាច់ស្ទើរគ្មានសល់ និងនាំចូលសឹងតែមិនទាន់ទៀតផង ដែលធ្វើឲ្យប្រជាជនពិបាកនឹងរកទិញផងដែរ។ឆ្លៀតឱកាសនេះ បុរសម្នាក់ឈ្មោះថា Noah Colvin រួមទាំងបងប្រុសម្នាក់ទៀត មកពីរដ្ឋ Tenneseee បានចំណាយប្រាក់រាប់មុឺនដុល្លាររបស់ខ្លួន ដើម្បីប្រមូលទិញទឹកលាងដៃចំនួន១៧,៧០០ដបស្ដុកទុកនៅផ្ទះ ដែលទិញចូលក្នុងតម្លៃ១ដបដុល្លារប៉ុណ្ណោះ និងលក់ចេញក្នុងតម្លៃរហូតដល់ទៅ៧០ដុល្លារឯណោះ។ បន្ថែមពីនេះទៀត បងប្អូនប្រុសទាំងពីរ ថែមទាំងប្រមូលទិញក្រដាសសើមការពារបាក់តេរី និងម៉ាស់ស្ដុកទុកផងដែរ។ដំបូងឡើយ លោក Colvin បានដាក់លក់ទឹកលាងដៃចំនួន៣០០ដបទៅលើវេបសាយមួយ ហើយក្រោយមកក៏ត្រូវបានក្រុមហ៊ុនវេបសាយនេះ ដកចេញពីការដាក់លក់ដោយសារតែលក់ដំឡើងថ្លៃខ្លាំងពេក។លុះមកដល់ព្រឹកថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ លោក Colvin បានបង្ខំចិត្តយកអីវ៉ាន់មួយចំនួនដែលបានទិញស្ដុកទុក បរិច្ចាគទៅកាន់ព្រះវិហារមួយកន្លែង។ ហើយក្រុមមន្ត្រីការិយាល័យក្នុងរដ្ឋ Tenneseee គ្រោងនឹងយកអីវ៉ាន់ដែលនៅសេសល់ទាំងប៉ុន្មាន ប្រគល់ទៅឲ្យការិយាល័យក្នុងរដ្ឋ Kentucky សម្រាប់ចែកជូនអ្នកដទៃទៀត។បើទោះបីជាអីវ៉ាន់ត្រូវបានបរិច្ចាគអស់ក៏ពិតមែន ក៏បងប្អូនប្រុសទាំងពីរមិនអាចរួចពីទោសឡើយ នេះបើយោងតាមសម្ដីរបស់អ្នកនាំពាក្យអគ្គព្រះរាជអាជ្ញា៕សូមទស្សនារូបភាពខាងក្រោម៖
លោក Colvin
លោក Colvin
អីវ៉ាន់ដែលលោក Colvin និងបងប្រុសទិញស្ដុកទុក
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ