ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នកមានឈាមប្រភេទផ្សេងទៀត

អ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​លើ​កឡើងថា​អ្នក​មាន​ឈាមប្រ​ភេទ A​ ងាយរងគ្រោះដោយ​វីរុស COVID​-១៩ ជាងអ្នក​មាន​ប្រភេទឈាម​ផ្សេង​ទៀត ខណៈ​ការសិក្សា​មួយទៀតថា​អ្នកជំងឺដោយវីរុសនេះធ្ងន់ធ្ងរ ពេលជា​សះស្បើយ​នៅប្រឈម​បញ្ហា​សួត​មួយ​ទៀត។អ្នកស្រាវជ្រាវចិន​បាននិយាយ​ថា​អ្នកមាន​ឈាមប្រភេទ A ងាយនឹង​រកគ្រោះដោយវីរុស COVID-១៩ ខណៈអ្នកមាន​ឈាមប្រភេទ O មិន​ងាយរងគ្រោះនោះទេ។ ការសិក្សានេះធ្វើលើអ្នក​ឆ្លងវីរុស COVID-១៩ ចំនួន​ ២ ០០០​ នាក់ បាន​រកឃើញ​ថា​អ្នកមាន​ឈាមប្រ​ភេទ A មានអត្រាឆ្លងខ្ពស់ ហើយអាច​វិវត្តទៅ​ធ្ងន់ធ្ងរទៀត​ផង។បើនិយាយពីចំនួន​អ្នក​ស្លាប់វិញ ការសិក្សា​បាន​កត់សម្គាល់​លើអ្នក​ស្លាប់​ចំនួន​២០៦​នាក់ អ្នក​ស្លាប់​មានឈាមប្រ​ភេទ​ A ចំនួន​៨៥​នាក់ ខណៈឈាម​ប្រភេទ O ស្លាប់មាន​ត្រឹម៥២​នាក់។​ដោយឡែកអ្នក​ជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​អង់គ្លេស​បាន​លើកឡើង​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ជា​សះ​ស្បើយ​ពី​វីរុស COVID-១៩ ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ការ​ខូចខាត​សួត​ដែល​ត្រូវ​ការ​រយៈពេល​១៥ឆ្នាំ​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ​​។
មហាវិទ្យាល័យ​ Faculty of Intensive Care Medicine (FICM) ប្រទេសអង់គ្លេស​បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​វីរុស COVID-១៩ ដែល​បាន​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​អាច​នឹង​មាន​ Acute Respiratory Distress Syndrome (ARDS) ដែលជាបណ្ដុំរោគសញ្ញាផ្លូវ​ដង្ហើមដូចជាក្អក ពិបាក​ដកដង្ហើម ជាដើម​។ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មាន​ជីវបច្ចេកវិទ្យា​​បាន​រក​ឃើញថា​ ១៧%​ នៃ​អ្នក​ជំងឺ​៩៩នាក់​នៅ​ទីក្រុង​វូហាន ប្រទេសចិន ដែល​ត្រូវ​បាន​ពិនិត្យ​ចន្លោះពីថ្ងៃទី​១ ដល់​ថ្ងៃទី​២០​ ខែ​មករា​មាន​កើត​នូវអាការៈ ARDS នេះ។ ការសិក្សា​មួយ​ទៀត​ចេញ​ផ្សាយ​នៅ​ក្នុង​ The Lancet កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ​ក៏​បាន​រកឃើញ​ដែរ​ថា ២៩% ​នៃ​អ្នកជំងឺ​៤១នាក់ ​ដែល​ត្រូវ​បាន​ពិនិត្យ​ចន្លោះ​ពាក់កណ្ដាល​ខែ​ធ្នូ​ និង​ដើម​ខែមករា​ នៅ​ទី​ក្រុង​វូហាន​ក៏​មាន​រោគសញ្ញា ARDS នេះដែរ។រោគសញ្ញា ARDS នេះ​ធ្វើ​ឲ្យ​សួត​បញ្ជូន​អុកស៊ីសែន​ទៅកាន់​សរីរាង្គ​ផ្សេងទៀត​មិន​គ្រប់គ្រាន់​។ នៅ​ពេល​វីរុស COVID-១៩ ចូល​ទៅ​ក្នុង​សួត ភ្នាស​កោសិកា​ផលិត​ស្លេស្ម​មាន​ការ​រលាក។ សេវាកម្ម​សុខភាព​ជាតិ​ប្រទេស​អង់គ្លេស (NHS) ​បាន​ប្រាប់​ថា ការ​រលាក​នេះ​អាច​បង្ក​ឲ្យ​មាន​ ARDS នៅពេល​ដែល​សារធាតុ​រាវ​ចេញ​ពី​សរសៃ​ឈាម​ជ្រាប​ចូល​ទៅ​ក្នុង​ថង់ខ្យល់​ក្នុង​សួត​ដែលធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ដកដង្ហើម។តាម​ការ​លើក​ឡើង​របស់ FICM ប្រទេស​អង់គ្លេស​ទៅកាន់​សារព័ត៌មាន​ The Sunday Times ថា សួត​របស់​អ្នក​ជា​ពី​វីរុស​ COVID-១៩ នេះ​នឹង​ត្រលប់​មក​កាន់​សភាព​ធម្មតា​វិញ​​នៅ​រយៈពេល​៦ខែក្រោយ​ជាមួយ​នឹង​បញ្ហា​តិចតួច​ដូចជា ការ​ពិបាក​ក្នុង​ធ្វើ​លំហាត់​ប្រាណ និង​សម្រាប់​អ្នក​មាន​រោគសញ្ញា​ ARDS អាច​ត្រូវ​ការ​ពេល​១៥ឆ្នាំ​ដើម្បី​ឲ្យ​សួត​ត្រលប់​មក​សភាពធម្មតាវិញ។លោក Michael Matthay អ្នក​ជំនាញ​ទៅ​លើ ​ARDS ក៏​បាន​បន្ថែម​ថា ARDS នេះ​មាន​អត្រា​ស្លាប់​ពី​៣០–៤០% និង​មិន​ទាន់​មាន​ការ​ព្យាបាល​ជាក់លាក់​ទេ​លើកលែង​តែ​ការ​ព្យាបាល​​ដោយ​ឲ្យ​អ្នក​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​បំពាក់​អុកស៊ីសែន​បន្ថែម​ឲ្យ​អ្នក​ជំងឺ​ដើម្បី​ឲ្យ​ពួកគាត់​ជាសះស្បើយ។ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា​ ក្នុង​ The Journal of the American Medical Association រក​ឃើញ​ថា​ភាគ​ច្រើន​អ្នក​ជំងឺ​វ័យ​ចំណាស់​អាច​មាន​អាការៈ ARDS ដោយ​សារ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ​មិន​រឹង​មាំ។FCIM ក៏​បាន​ព្រមាន​ថា​មិនត្រឹម​តែសួត​ទេ​ដែល​មាន​ផល​ប៉ះពាល់​ក្រោយ​ពី​ជា​សះស្បើយ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ បេះដូង​ក៏​អាច​រង​ផល​ប៉ះពាល់​ដែរ​ដូចជា ការ​រលាក​សាច់ដុំ​បេះដូង ឬ​អាច​ឈាន​ទៅ​ការ​ខ្សោយ​បេះដូង។បន្ថែម​ពី​នេះ កាល​ពី​ដើម​ខែ​មីនា​នេះ អាជ្ញាធរ​មន្ទីរពេទ្យ​ទីក្រុង​ហុងកុង​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​ពីរ​ទៅ​បី​នាក់​ក្នុង​ចំណោម​អ្នក​ជា​ពី​វីរុស COVID-១៩ មាន១២នាក់​មាន​ការ​ធ្លាក់​ចុះ​នៃ​ដំណើរ​ការ​របស់​សួត​ពី​២០–៣០% ប៉ុន្តែ​ពួកគេ​អាច​ធ្វើ​លំហាត់​ប្រាណ​ប្រភេទ cardiovascular ដើម្បី​បង្កើន​សមត្ថភាព​សួត​ឡើង​វិញបាន​៕