ថ្ងៃនេះ ព្រឹត្តិការណ៍សមរាត្រីកើតឡើង នៅប្រទេសកម្ពុជា ហើយវាជាសញ្ញាប្រាប់ថា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត

កម្ពុជា៖ បើតាមនិយមន័យ សមរាត្រីគឺជាព្រឹត្ដិការណ៍មួយ​ ដែលប្រវែងនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល ២៤ ម៉ោង តែមនុស្សមួយចំនួនជឿថា នៅថ្ងៃនេះដែររយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល ១២​ ម៉ោង និងពេលយប់មានរយៈពេល ១២ ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល ១២ ម៉ោងស្មើគ្នានោះទេ។
កាំរស្មីព្រះអាទិត្យប៉ះកែងចំណុចតំបន់ខ្សែអេក្វាទ័រ
សមរាត្រីខែមីនាកើតឡើង ពេលចំណុចពន្លឺព្រះអាទិត្យធ្វើដំណើរចាកចេញពីអឌ្ឍគោលខាងត្បូង ដោយឆ្លងកាត់តំបន់ខ្សែអេក្វាទ័រ ហើយបន្ទាប់ពីនោះមក ចំណុចពន្លឺអាទិត្យនឹងចាប់ផ្ដើមធ្វើដំណើរទៅអឌ្ឍគោលខាងជើងវិញ។ ចំណែកក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០  ព្រឹត្ដិការណ៍សមរាត្រីចាប់ផ្ដើមនៅថ្ងៃទី២០ ខែមីនា វេលាម៉ោង ១០:៤៩ព្រឹក ដែលវាជាពេលដែលចំណុចពន្លឺព្រះអាទិត្យប៉ះកែងតំបន់ខ្សែអេក្វាទ័រ។
រូបភាពផែនដី ក្នុងព្រឹត្ដិការណ៍សមរាត្រី
នៅថ្ងៃនេះដែរ ព្រះអាទិត្យក្នុងប្រទេសរបស់យើងនឹងចាប់ផ្ដើមរះ នៅម៉ោង ៦:០៤ព្រឹក និងលិចទៅវិញនៅម៉ោង ៦:១១ល្ងាច ដែលពេលថ្ងៃមានរយៈពេល ១២ម៉ោងនិង៧នាទី។ ថ្ងៃរះនឹងចាប់ផ្ដើមនៅទិសខាងកើត ត្រង់មុំ៩០ដឺក្រេ និងថ្ងៃលិចទៅវិញនៅទិសខាងលិច ត្រង់មុំ២៧០ដឺក្រេ។ សម្រាប់ថ្ងៃនេះ គម្លាតពីព្រះអាទិត្យនិងផែនដីមានរយៈចម្ងាយ ១៤៨.៩៨ លានគីឡូម៉ែត្រ។
ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃសមរាត្រី
មិនតែប៉ុណ្ណោះ ថ្ងៃសមរាត្រីគឺជាសញ្ញាបញ្ជាក់ប្រាប់ថា ព្រះអាទិត្យនឹងចាប់ផ្ដើមរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ដ ដែលវាកើតឡើងពីរដងក្នុងមួយឆ្នាំ។ ថ្ងៃសមរាត្រីលើកទីមួយកើតឡើង ក្នុងខែមីនា និងលើកទីពីរកើតឡើង ក្នុងខែកញ្ញា៕