ពិតអត់ថាអ្នកលេងកីឡា មានសុខភាពល្អ មិនឆ្លង COVID-19?

មាន​ការ​លើក​ឡើង​ជាច្រើន​ពី​មនុស្ស​ដែល​ងាយ​ឆ្លង COVID-19 ហើយ​នឹងអ្នក​មិន​ងាយ​ឆ្លង ក្នុង​នោះ​ដែរក៏មានគេនិយាយថា បើ​យើងជាអ្នក​មាន​សុខភាព​ល្អ មាន​ហាត់​កីឡា មិន​ឆ្លង ឬ​មិន​ឈឺ។ តែ​សម្រាប់​មតិ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យដឹង​ថា ទោះ​ជា​អ្នក​លេង​កីឡា សាច់​ដុំ​ធំ​ៗ​ប៉ុនណាក៏​ឆ្លង និងឈឺ​ដែរ ប្រសិនបើ​មិន​បាន​ការពារ​ត្រឹមត្រូវ។លោក​បាន​បន្ថែម​ទៀត​ថា តែអ្នក​លេង​កីឡា​មាន​សុខភាព​រឹងមាំ​ល្អ ទោះ​ជា​ពេល​ឆ្លង​ក៏​មិន​បណ្ដាល​ឲ្យ​ឈឺ​ទ្រុឌទ្រោម ឬ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ដូច​មនុស្ស​ចាស់ ឬ​អ្នក​មិន​លេង​កីឡា​ផង​ដែរ ហើយ​ក៏​មិន​ងាយ​ចម្លង​ទៅ​គេ​បន្ត​ទៀត​ថា។ ដូចនេះ​ហើយ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​យើង​មាន​អនាម័យ​ខ្លួន​ប្រាណ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ និង​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត សម្រាប់​អ្នក​លេង​កីឡា ឬ​ហាត់ប្រាណ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ដែរ ព្រោះ​ឧបករណ៍​ហាត់ប្រាណ​ខ្លះ​អាច​ផ្ទុក COVID-19 តាម​រយៈ​អ្នក​ផ្ទុក​បាន​ប៉ះពាល់ ក្អក កណ្ដាស់​ ហើយ​ដំណក់ទឹក​តូច​ៗ​​ទៅ​ទុំ​តោង​កន្លែង​នោះ។ដូចនេះ​ហើយ​ទោះ​ជា​អ្នក​ហាត់​កីឡា លេង​កីឡា ឬ​អ្នក​ហាត់​ប្រាណ គួរតែ​មាន​វិធានការ​ផ្ទាល់ខ្លួន ដើម្បី​សុវត្ថិភាព​ខ្លួន និង​អ្នក​ជុំវិញ ទើប​យើង​អាច​នាំគ្នា​ទប់ស្កាត់​ការ​ចម្លង និងរីក​រាល​ដាល ហើយ​កុំ​អាង​ខ្លួន​មាន​សុខភាព​រឹងមាំ COVID-19 មិន​អាចឆ្លងចូល​ខ្លួនបាន ឲ្យសោះ ព្រោះមានប៉ុន្មានករណីហើយនៅបរទេសដែលកើតឡើងចំពោះកីឡាករអាជីព និងអ្នកកាយ​សម្ព័ន្ធ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet