អ្នកធ្វើការ office គួរការពារខ្លួនបែបនេះ ដើម្បីចៀសផុតពី COVID-19?

បើ​ទោះ​ជា​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​អ្នក​ផ្ទុក COVID-19 លើ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ផ្សេង​ៗ ឬ​បុគ្គលិក​រដ្ឋ​ក៏​ដោយ តែ​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​ពី​វិធី​ការពារ​ខ្លួន​ជាមុន ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង ឬ​ចម្លង​បន្ត​ទៅ​កាន់​អ្នក​ដទៃ ពិសេស​សមាជិក​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រតនា បាន​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​មួយ​ចំនួន ដែល​យើង​អ្នក​ធ្វើការ​ក្រុមហ៊ុន​ឧស្សាហ៍​ជួប​មនុស្ស​ខាងក្រៅ ត្រូវ​ធ្វើ។

១- ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ

អំឡុង​ពេល​នេះ​មិនមែន​ខ្លាច​តែ​មួយ​មុខ​ទេ ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ គឺជា​រឿង​ចាំបាច់​បំផុត។ ដូចនេះ​កុំ​គិត​ពី COVID-19 ច្រើន​ពេក​រហូត​ស្មុគស្មាញ ញ៉ាំ​មិន​បាន គេង​មិន​លក់​ឲ្យ​សោះ ព្រោះ​ទង្វើ​បែប​នោះ នាំឲ្យ​សុខភាព​ធ្លាក់​ចុះ ជំងឺ​ផ្សេង​ៗ​ងាយ​ចូល​ខ្លួន និង​ទៅ​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ។ ដូចនេះ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ សាច់ ផ្លែឈើ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ជំនួយ​ដល់​សុខភាព​យើង​ឲ្យ​រឹងមាំ។

២- កុំ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ

មាន​បុគ្គលិក​ជាច្រើន​ត្រូវ​ជួប​អតិថិជន​មិន​ថា​ជា​ខ្មែរ និង​បរទេស ដូចនេះ​ហើយ​បើ​ទោះ​ជា​មាន​កាតព្វកិច្ច​ត្រូវ​ជួប ក៏​មិន​ត្រឹម​ចាប់ដៃ ឬ​ទៅ​ស្និទ្ធស្នាល​ជាមួយ​ពួកគេ ព្រោះ​យើង​មិន​បាន​ដឹង​ទេ​ថា នរណា​មាន​កើត COVID-19 ឬ​ក៏​អត់? មួយ​វិញ​ទៀត បើ​អាច​ត្រូវ​រក្សា​គម្លាត​យ៉ាងហោចណាស់ ១ ម៉ែត្រ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

៣- រក្សា​អនាម័យ​ខ្លួន​ឯង

កាលៈទេសៈ​នេះ​មានតែ​ការ​ប្រុងប្រយ័ត្ន​ខ្លួន ទើប​ល្អ​ចំពោះ​ខ្លួនឯង និង​គ្រួសារ។ ដូច្នេះ​ហើយ​យើង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ហើយ​កុំ​យក​ដៃ​ទៅ​ប៉ះពាល់​ជាមួយ​ផ្ទៃមុខ ព្រោះ​មេរោគ​ងាយ​ឆ្លង​តាម​រយៈ​មាត់ ច្រមុះ ភ្នែក ហើយ​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូចជា​បង្កាន់ដៃ​ជណ្ដើរ ទ្វារ សុទ្ធតែ​មេរោគ​សុទ្ធតែ​រស់នៅ​បាន។

៤- ពាក់​ម៉ាស់​ការពារ

ប្រសិនបើ​មាន​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ដូចជា​ក្អក កណ្ដាស់ ហត់ នៅ​កន្លែង​នោះ បើយើង​ពាក់​ម៉ាស​បាន​ត្រឹម​ត្រូវ អាច​អាច​ការពារ​ខ្លួន​បាន។ មួយ​វិញ​ទៀត​បើ​យើង​មិន​ស្រួល​ខ្លួន​គួរតែ​សុំច្បាប់ ឈប់​សម្រាក​ពី​ការងារ ដើម្បី​ព្យាបាល និង​ចៀសវាង​កុំ​ចម្លង​ទៅ​ដល់​អ្នក​ដទៃ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet