ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត!

ដូច​គ្នា​យើង​ដឹង​ស្រាប់​ហើយ បើ​គេង​មិន​គ្រប់​គ្រាន់ ឬ​ឆាប់​ក្រោក​ពី​ព្រឹក សុទ្ធ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យើង ​មិន​ល្អ​នោះទេ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៀត។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​អត្ថបទ​ពិសេស​មួយ លម្អិត​ខ្ទេច​ទាំង​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចូល​គេ និង​ពេល​ក្រោក រួម​ទាំង ពេល​វេលា​គេង​ទៅ​តាម​វ័យ​ឲ្យ​បាន​ដឹង​ទាំង​អស់​តែ​ម្តង។

១- គេង​ជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ជីវិត

គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​ជា​គ្រឹះ​ដ៏​សំខាន់ ជួយ​ពង្រឹង​សុខភាព​យើង​ប៉ុណ្ណោះ​ទេ ក៏​អាច​ជួយ​ឲ្យ​ជីវិត​យើង​មាន​សុខុមាលភាព​ទៀត​ផង។ បើ​និយាយ​ចំពោះ​សុខភាព គេង​គ្រប់​គ្រាន់ គឺ​មានប្រយោជន៍​ដូច​គ្នា​​ទៅ​នឹង​ការ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មាន​សុខភាពល្អ​ដែរ។ ហេតុនេះ គេង​ជា​ផ្នែក​មួយ​សំខាន់​បំផុត​ក្នុង​ជីវិត។

២- ថេរវេលានៃ​ការ​គេង​ល្អ​បំផុត

អ្វី​ដែល​ល្អ​បំផុត​នោះ យើង​ទាំង​អស់​គ្នា ត្រូវ​ចូល​គេង​ពី​ព្រលប់ និង​ភ្ញាក់​ពី​ព្រលឹម ដែល​នេះ​វា​ត្រូវ​នឹង​ទំនោរ​ជីវសាស្ត្រ នៃ​ការ​សម្រប​ខ្លួន​យើង​រវាង​ដំណេក និង​ព្រះ​អាទិត្យ។ ទម្លាប់​បែប​នេះ យើង​នឹង​កត់​សម្គាល់​ឃើញ​ថា មាន​អារម្មណ៍​ងងុយ​គេង នៅ​ពេល​ព្រះ​អាទិត្យ​លិច​បាត់។ផ្អែក​តាម​ការ​ណែនាំ​នៃ The National Sleep Foundation នៅ​អាមេរិក ពេល​វេលា​ចូល​គេង​ល្អ​បំផុត គឺ​នៅ​ចន្លោះ​ម៉ោង ៨យប់ ដល់​ពាក់​កណ្តាល​អធ្រាត ដោយ​វា​អាស្រ័យ​ទៅ​លើ​ទំនោរ​យើង​ចង់​ក្រោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​ការ​ណែនាំ​ផ្សេង​ទៀត យើង​អាច​ពិចារណា​បាន គឺ​ត្រូវ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​ពេល​មួយ​យប់។

៣- ចង្វាក់សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាងកាយ

ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង ជា​ភាសា​បច្ចេក​ទេស​ហៅថា Circadian rhythm ដែល​សំដៅ​ទៅ​លើកាល​វិភាគ​ជាក់​លាក់​របស់​ខួរក្បាល​យើង​ ដែល​កំណត់​ពេល​ណា​ត្រូវ​គេ និង​ត្រូវ​ក្រោក អាច​និយាយ​បាន​ថា វា​ជា​នាឡិកា​ក្នុង​ខ្លួន​របស់​យើង។អំឡុង​ពេល ២៤ម៉ោង យើង​គ្រប់​គ្នា សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ការ​ងងុយ​គេង និង​ភ្ញាក់​ស្វាង​ពីដំណេក ហើយ​ការ​វាយ​តម្លៃ​មួយ​ពី​ស្ថានភាព​គេង​ស្កប់​ស្កល់​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា អាច​នៅ​ចន្លោះ​ម៉ោង ១-៣ យប់ ឬម៉ោង ២-៤ ទាប​ភ្លឺ។ បើ​យើង​អាច​រៀប​ចំ​ពេល​វេលា​គេង​ឲ្យ​កាន់តែ​ស្កប់​ស្កល់​នៅ​ពេល​យប់ បញ្ហា​ងងុយ​គេង​ពេល​ថ្ងៃ ក៏​កាន់​តែ​ទាប។ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង ឬ Circadian rhythm ក៏​ជា​ចាត់​ទុក​ជា​កាល​វិភាគ​ធម្មជាតិ​សម្រាប់​ការ​ចូល​គេង និង​ក្រោក ដូច​គ្នា។ នៅ​ពេល​ណា​មួយ យើង​កំណត់​ពេល​វេលា​ចូល​គេង និង​ក្រោក​ឡើង​បាន​ទៀង​ទាត់ ខួរ​ក្បាល​យើង នឹង​ចាប់​​យក​ពេល​វេលា​នោះ​ជា​កាល​វិភាគ​ប្រចាំ​ថ្ងៃ​របស់​យើង។នៅ​ពេល​យើង​បាន​រៀប​ចំ​ទម្លាប់​គេ​ត្រឹម​ត្រូវ ប្រព័ន្ធ Circadian rhythm នឹង​ជួយ​យើង​អាច​ចូល​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យើង និង​អាច​ក្រោក​មុន​សំឡេង​ទូរសព្ទ​រោទ៍​ទៅ​ទៀ ដោយ​ថែម​ទាំង​មិន​បង្ក​បញ្ហា​សុខភាព​យើង​នោះ​ឡើយ។ប្រព័ន្ធ Circadian rhyth របស់​យើង អាច​នឹង​ធ្វើ​ការ​មិន​បាន​ល្អ នៅ​ពេល​យើង​ចូល​គេង​មិន​ទៀង​ទាត់​ពេល​មួយ​សប្តាហ៍ ហើយ​ជា​លទ្ធផល នឹង​ធ្វើ​ឲ្យ​យើង​ងងុយ​គេង​ខ្លាំង​នៅ​ពេល​ថ្ងៃ។

៤- យើង​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ល្អ?

អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ថា មនុស្ស​ពេញ​វ័យគួរ​គេង​យ៉ាង​តិច ៧ ម៉ោង/យប់ ខណៈ​ខាង​ក្រោម​នេះ ជាការ​ណែនាំ​ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​គេង​ឲ្យ​គ្រប់​គ្រាន់​ទៅ​តាម​វ័យ​ជាក់​ស្តែង៖
– ទារក​ទើបកើត ដល់អាយុ ៣ខែ៖ គេង​ចន្លោះ​ពី ១៤-១៧ ម៉ោង។
– ទារក​អាយុ ៤-៧ ខែ៖ គេង​ចន្លោះ​ពី ១២-១៦ ម៉ោង។
– ទារក​អាយុ ១-២ ឆ្នាំ៖ គេង​ចន្លោះ​ពី ១១-១៤ ម៉ោង។
– ក្មេងអាយុ ៣-៥ ឆ្នាំ៖ គេង​ចន្លោះ​ពី ១០-១៣ ម៉ោង។
– ក្មេងអាយុ ៩-១២ ឆ្នាំ៖ គេង​ចន្លោះ​ពី ៩-១២ ម៉ោង។
– ក្មេងជំទង់អាយុ ១៣-១៨ ឆ្នាំ៖ គេង​ចន្លោះ​ពី ៨-១០ ម៉ោង។
– មនុស្ស​ពេញ​វ័យ​ពី ១៨-៦០ ឆ្នាំ៖ គេង​យ៉ាង​ហោច​ឲ្យ​បាន ៧ ម៉ោង។
– មនុស្ស​វ័យ​ចំណាស់​ពី ៦១-៦៤ ឆ្នាំ៖ គេង​ចន្លោះ​ពី ៧-៩ ម៉ោង។
– វ័យ ៦៥ ឆ្នាំ​ឡើង៖ គេង​ចន្លោះ​ពី ៧-៨ ម៉ោង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet