អ្នកណាគេខ្លះទៅ? Man UTD រៀបគម្រោងបញ្ចេញខ្សែបម្រើជួរមុខ២នាក់នេះចេញ នៅទីផ្សាររដូវក្ដៅខាងមុខ

  • ច័ន្ទ ២៣ មីនា, ២០២០ ១៦:៥២
អង់គ្លេស៖ ខ្សែបម្រើ Jesse Lingard និង Andreas Pereira ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងស្ថានភាពស្រពិចស្រពិលចំពោះអនាគតរបស់ខ្លួននៅទឹកដី Old Trafford។អ្នកចាត់ការទូទៅក្រុម Man UTD លោក Ole Gunnar Solskjaer ហាក់អស់ការអត់ធ្មត់ចំពោះទម្រង់លេងមិនគាប់ប្រសើររបស់កីឡាករទាំងពីរនេះ។ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun គ្រូបង្វឹកសញ្ជាតិន័រវេស បានបើកភ្លើងខៀវត្រៀមទទួលសំណើររបស់ក្រុមផ្សេងៗក្នុងការចែចូវយក កីឡាករ Lingard និង Pereira ហើយ ដែលនេះជាគម្រោងមួយរបស់លោក ក្នុងការរៀបចំក្រុមនៅរដូវកាលបន្ទាប់។
ខ្សែបម្រើJesse LingardនិងAndreas Pereira
ប្រភពដដែលបានបន្ថែមទៀតថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester បានដាក់គោលដៅទៅលើកីឡាករ៣រូប ក្នុងការនាំយកមកពង្រឹងក្រុម នៅពេលទីផ្សារដោះដូរបើកទ្វារសាជាថ្មីម្ដងទៀត ក្នុងនោះរួមមានខ្សែបម្រើ Jack Grealish របស់ក្រុម Aston Villa ម្ចាស់អាវលេខ១០របស់ Leicester City កីឡាករ James Maddison និងខ្សែប្រយុទ្ធស្លាបវ័យក្មេង Jadon Sancho របស់ក្រុម Borussia Dortmund។ ទន្ទឹមនឹងនេះ ការលក់ Lingard និង Pereira អាចជាការបន្សល់នូវកៅអីទំនេរសម្រាប់កីឡាករទាំង៣ខាងលើ។ ទម្រង់លេងរបស់​ Lingard ហាក់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ មក។ ជាក់ស្ដែង ក្នុងរដូវកាលនេះ គេទើបរកបាន២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន៣៥ប្រកួត។
ខ្សែបម្រើ Jesse Lingard
ចំណែក Pereira វិញ ទម្រង់លេងរបស់គេមួយរយៈចុងក្រោយក៏យ៉ាប់យ៉ឺនផងដែរ តួយ៉ាងតំណែងរបស់គេក្នុងក្រុមលោក Solskjaer បានធ្លាក់ទៅលើកីឡាករកំពុងឡើងកូដ Fred និងខ្សែបម្រើវ័យចំណាស់ Nemanja Matic។ មិនត្រឹមតែប៉ុណ្ណោះ ស្របពេលថ្មីៗនេះ ខ្សែបម្រើ Scott McTominay ទើបតែជាពីរបួសវិញទៀត ឃើញថាឱកាសក្នុងការជាប់ជម្រើស១១នាក់ដំបូងរបស់ Pereira មានកាន់តែតិចទៅ៕
កីឡាករFred , McTominay និង Matic