ហេតុអ្វីបានជាលោកខាងលិចបរាជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩?

  • អង្គារ ២៤ មីនា, ២០២០ ០៩:៤៧
បរទេស៖ នៅពេលជំងឺរាតត្បាតផ្ទុះឡើងដំបូង នៅប្រទេសអ៊ីតាលី អាជ្ញាធរចាប់ផ្ដើមបិទតំបន់ភាគខាងជើង ដែលរងប៉ះពាល់។ នៅពេលដែលករណីឆ្លងនៅតែបន្ដរីករាលដាល ប្រទេសទាំងមូលត្រូវបានបិទ នៅថ្ងៃទី ៩ ខែមីនា ដោយជនណាហ៊ានល្មើសច្បាប់ នឹងត្រូវពិន័យជាប្រាក់ចំនួន ២៣២ ដុល្លារនិងជាប់ពន្ធនាគាររយៈពេល ៦​ ខែ។ មន្ដ្រីកាកបាទក្រហមចិនបាននិយាយកាលពីសប្ដាហ៍មុនថា វិធានការរបស់អ៊ីតាលីស្ថិតក្នុងចំណោមវិធានការតឹងរឹងបំផុតនៅតំបន់អឺរ៉ុប ប៉ុន្ដែវាមិនតឹងរឹងគ្រប់គ្រាន់នៅឡើយទេ។ នៅចុងសប្ដាហ៍ នៅពេលប្រទេសអ៊ីតាលីបានប្រកាសថា មានមនុស្សស្លាប់ជាង ១,៤០០ នាក់ក្នុងរយៈពេលពីរថ្ងៃ អជ្ញាធរត្រូវបានបង្ខំឲ្យចេញការរឹតបន្តឹង ឲ្យកាន់តែខ្លាំងក្លា លើប្រជាជននិងអាជីវកម្ម។
អ៊ីតាលីគឺជាប្រទេសដែលមានអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា ច្រើនជាងគេ នៅលើពិភពលោក
នៅទីក្រុងឡុងដ៏ ជាកន្លែងដែលមនុស្សទាំងឡាយបាននាំគ្នាទៅសួនឧស្យាន ដើម្បីអាំងថ្ងៃនៅចុងសប្ដាហ៍ ទោះបីជាមានការណែនាំពីរដ្ឋាភិបាល ឲ្យស្នាក់នៅក្នុងផ្ទះក៏ដោយ។ រដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានបង្កើនការឆ្លើយតប ទៅកាន់ប្រទេសរបស់លោក ហើយនឹងត្រូវបិទប្រទេសផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock មុននេះបាននិយាយថា ពលរដ្ឋដែលមិនបានអនុវត្ដវិធានការឃ្លាតឆ្ងាយពីសង្គម ដែលត្រូវបានណែនាំដោយរដ្ឋាភិបាល គឺជា«ជនអាត្មានិយម»។ ចំណែក លោក Andrew Cuomo ដែលជាអភិបាលក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការប្រមូលផ្ដុំគ្នានៅក្នុងឧស្យានគឺជា កំហុសមួយ ការរឹងទទឹង និងគួរឲ្យស្អប់ខ្ពើម។
មនុស្សមួយចំនួននៅតែបន្តសកម្មភាព ប្រឆាំងនឹងបំរាម
រដ្ឋាភិបាលលោកខាងលិចមានការស្ទាក់ស្ទើរ ក្នុងការចាត់វិធានការនៃការបិទប្រទេសយ៉ាងតឹងរឹង ដែលនេះត្រូវបានអនុវត្ដយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសចិន បន្ទាប់ពីជំងឺរាតត្បាតចាប់ផ្ដើមផ្ទុះឡើង។ នៅចុងសប្ដាហ៍នេះ ហ្វូងមនុស្សបានទៅលេងកម្សាន្ដនៅលើឆ្នេរខ្សាច់កាលីហ្វ័រញ៉ា ការឡើងភ្នំ និងទៅឧស្យាននានា ដោយមិនគោរពតាមបទបញ្ជារបស់រដ្ឋ ដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ។
ឆ្នេរខ្សាច់កាលីហ្វ័រញ៉ា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០
បណ្ដាប្រទេសអឺរ៉ុបមួយចំនួនឥឡូវនេះ កំពុងធ្វើការយ៉ាងសកម្មបន្ថែមទៀត ដើម្បីកាត់បន្ថយការរាលដាលនៃវីរុសឆ្លង។ នៅប្រទេសបារាំង ការផាកពិន័យរាប់ពាន់ត្រូវបានចេញ សម្រាប់ជនណាដែលបំពានច្បាប់ លើកលែងការធ្វើដំណើរចេញទៅក្រៅ ក្នុងករណីចាំបាច់ ហើយសួនឧស្យាន ឆ្នេរខ្សាច់នានា កំពុងចាប់ផ្ដើមបិទហើយ៕