មកលេងជាមួយ Messi ដឹងតែកប់ហ្មង! Barca ត្រៀមជះលុយ ៥០លាន ចរចាយកខ្សែប្រយុទ្ធលំដាប់ជួរមុខម្នាក់នៅ Bundesliga

  • អង្គារ ២៤ មីនា, ២០២០ ១៥:៤៥
អាល្លឺម៉ង់៖ យោងតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ Bild ក្លិបអ្នកមានបុណ្យ FC Barcelona បានរៀបចំកញ្ចប់ទឹកប្រាក់៥០លានអឺរ៉ូ (ឬប្រមាណ ៥៤លានដុល្លារ) សម្រាប់ចរចាយកខ្សែប្រយុទ្ធក្រុម Borussia Monchengladbach កីឡាករ Alassane Plea។Plea កំពុងបង្ហាញទម្រង់លេងដ៏គួរចាប់អារម្មណ៍ជាមួយនឹងក្រុម Monchengladbach តួយ៉ាងគិតត្រឹម២៨ប្រកួតក្នុងរដូវកាលនេះ គេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១៦គ្រាប់ ក្នុងនោះគេស៊ុតខ្លួនឯងបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី (Assist) បាន៨ដង។
កីឡាករAlassane Plea
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ បានផ្លាស់ពីក្រុម Nice មកកាន់ក្របខណ្ឌ Bundesliga កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ២៥លានអឺរ៉ូ អមជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុម Monchengladbach សរុបបាន៦៣ប្រកួត ស៊ុតបញ្ចូលទីបាន២៣គ្រាប់ និង Assists បាន១២ដង។មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Borussia Park ម្ចាស់អាវលេខ១៤ របស់ក្រុម Monchengladbach រូបនេះ ធ្លាប់លេងឲ្យក្លិបចំនួន៣នៅលីគប្រទេសបារាំង ក្នុងនោះរួមមានក្លិប Nice, Lyon និង Auxerre FC។ 
កីឡាករ Alassane Plea
គួរបញ្ជាក់ផងដែរថា តាមរយៈប្រភពខាងលើ គ្រប់ក្លិបនៅ Bundesliga ទាំងអស់ បានផ្អាករាល់សកម្មភាពចរចាទិញដូរកីឡាករ ដោយសារស្ថានភាពក្នុងប្រទេសអាល្លឺម៉ង់បច្ចុប្បន្ន កំពុងរងគ្រោះដោយសារការគំរាមកំហែងនៃជំងឺរាតត្បាតកូរ៉ូណាវីរុស។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Bleacher Report ក្របខណ្ឌ Bundesliga បានព្យួរការប្រកួតរហូតដល់ដើមខែមេសា៕