ច្រើនណាស់លោកព្រះ! ប្រសិនបើរដូវកាលនេះមិនអាចបញ្ចប់បាន ក្របខណ្ឌ Serie A អាចនឹងខាតបង់ទឹកប្រាក់រហូតដល់ទៅ…

  • អង្គារ ២៤ មីនា, ២០២០ ១៦:៣៩
អ៊ីតាលី៖ យោងតាមរបាយការណ៍របស់កាសែត Corriere dello Sport បានឲ្យដឹងថា លីគបាល់ទាត់កំពូលរបស់ប្រទេសអ៊ីតាលី អាចនឹងខាតបង់ទឹកប្រាក់រហូតដល់ទៅ ៧០០លានអឺរ៉ូ (ឬប្រមាណ ៧៥៨លានដុល្លារ) ប្រសិនបើរដូវកាលនេះ មិនអាចបញ្ចប់បាន។ក្របខណ្ឌ Serie A បានស្នើឲ្យសហព័ន្ធកីឡាបាល់ទាត់ប្រទេសអ៊ីតាលី ធ្វើការប៉ាន់ប្រមាណទៅលើទំហំទឹកប្រាក់ដែលអាចនឹងខាតបង់ ទន្ទឹមនឹងការប្រកួតទាំងអស់ត្រូវព្យួរ ដោយសារការរាតត្បាតនៃជំងឺ Covid-19។
រូបតំណាង
រដ្ឋាភិបាលអ៊ីតាលី ដឹងច្បាស់ថាពួកគេទំនងជាត្រូវធ្វើការអន្តរាគមន៍ និងផ្ដល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ក្របខណ្ឌ Serie A ប៉ុន្តែសម្រាប់ទឹកប្រាក់ដែលខាងរដ្ឋាភិបាលនឹងត្រូវជួយច្រើនប៉ុណ្ណានោះ គឺស្ថិតនៅលើថាតើ រដូវកាលនេះអាចបញ្ចប់បានឬអត់។ប្រភពព័ត៌មានពីកាសែតដែលមូលដ្ឋាននៅទីក្រុង Rome បានបន្តឲ្យដឹងទៀតថា ប្រសិនបើរដូវកាលនេះមិនអាចបញ្ចប់បានទេនោះ ក្របខណ្ឌ Serie A ត្រូវបានគេប៉ាន់ប្រមាណថានឹងខាតបង់ទឹកប្រាក់ ៧២០លានអឺរ៉ូ ប៉ុន្តែប្រសិនបើអាចបញ្ចប់បាន បើទោះជាយឺតពេលជាងការរំពឹងទុក ការខាតបង់នឹងធ្លាក់មកនៅត្រឹម ១៦៧លានអឺរ៉ូ (ឬប្រមាណ ៧៥៨លានដុល្លារ)។
រូបតំណាង
គួរបញ្ជាក់ផងដែរ​ គិតមកទល់ពេលនេះ ប្រទេសអ៊ីតាលី ជាប្រទេសដែលរងគ្រោះដោយសារជំងឺ Covid-19 ខ្លាំងជាងគេនៅតំបន់អឺរ៉ុប ដោយតាមរយៈរបាយការណ៍របស់កាសែត BNO News អ៊ីតាលី មានមនុស្សឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីរហូតដល់ទៅលើស ៦ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតកើនឡើងដល់ ៦,០៧៧នាក់៕