រដ្ឋាភិបាលច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលថា «រដ្ឋាភិ​បាល​គ្រោងបិទ​ក្រុង​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​១៩​​»​

  • អង្គារ ២៤ មីនា, ២០២០ ១៦:៥១
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី ២៤ មីនានេះ បានចេញមុខច្រានចោលទាំងស្រុងនូវសារ​ជាសំឡេងដែលផ្សព្វផ្សាយថា «រដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​វីរុស​កូវីដ​១៩»។​  ការចេញមុខទាត់ចោលបែបនេះ ក្រោយសារដែលលាក់ប្រភពខាង លើ ត្រូវបានគេចែកចាយ​តាមបណ្តាញ​សង្គមជាហូរហែ។អង្គភាពអ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលបានបង្កើតគណកម្មការជាតិប្រយុទ្ធនឹងជម្ងឺវីរុសកូវីដ១៩ ដោយបាន​ដាក់​ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងការឆ្លង និងរាលដាលវីរុសកូវីដ១៩។តាមរយៈលិខិតដដែល រដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ឬស្លន់ស្លោ ដែលនាំឲ្យ​មាន​ភាព​ចលាចលដល់សន្តិសុខ​សណ្តាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួស ហេតុ ដោយមិន​សម​ហេតុ​​សមផលផងដែរ។ អង្គភាពខាងលើបន្ថែមថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍កូវីដ១៩ គឺ​ប្រភព​​ដែលចេញពីក្រសួងសុខាភិបាល។គូសបញ្ជាក់ថា ការច្រានចោលរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្រោយថ្មីៗនេះ​មានសារជាសំឡេង​ដែល​មិន​មាន​ប្រភពមួយចំនួនបានផ្សាយថា រដ្ឋាភិបាលនឹងបិទក្រុងភ្នំពេញដើម្បីបង្ការការរាលដាល កូវីដ១៩ ហើយសារនេះត្រូវ​បាន​គេ​ចែកចាយជាបន្តបន្ទាប់ ដែលមន្ត្រីរដ្ឋាភិបាលអះអាងថាជាព័ត៌មានដែលអាចបង្កឲ្យមាន​ភាពចលាចល​ដល់​សង្គម។គិតត្រឹមយប់ម្សិលមិញ (ថ្ងៃទី២៣ ខែមីនា) កម្ពុជារកឃើញមនុស្ស៨៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់គឺបុរសជនជាតិចិន និងស្រ្តីជនជាតិអង់គ្លេសបានជាសះស្បើយវិញ៕
លិខិតពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល