ចុមច្រើនណាស់! Chelsea មានទំនុកចិត្តនាំយកម្នាក់នេះ តែ Leicester ទាមទារតម្លៃខ្លួនរហូតដល់ទៅ…..

  • អង្គារ ២៤ មីនា, ២០២០ ១៦:៥៨
អង់គ្លេស៖ តោខៀវ Chelsea ជឿថានឹងអាចនាំយកខ្សែការពារស្លាបឆ្វេងរបស់ Leicester City កីឡាករ Ben Chilwell នៅទីផ្សាររដូវក្ដៅខាងមុខ ប៉ុន្តែអាចនឹងត្រូវចំណាយលុយធំដើម្បីយកជម្រើសជាតិអង់គ្លេសរូបនេះមកកាន់កីឡដ្ឋាន Stamford Bridge។
កីឡាករ Ben Chilwell
អ្នកចាត់ការទូទៅលោក Frank Lampard បានដាក់ការចង់បានមកលើ Chilwell ដើម្បីមកពង្រឹងគុណភាពតំបន់ការពាររបស់ក្រុមសម្រាប់រដូវកាលក្រោយ ខណៈអនាគតរបស់ Marcos Alonso និង Emerson Palieri ជាមួយក្លិបកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្នុងទីផ្សារដែលខិតនឹងចូលមកដល់នៅពេលខាងមុខ។ បើតាមការចុះផ្សាយរបស់ Goal ក្លិប Chelsea គឺជាបេក្ខភាពទីមួយដែលអាចនាំយក Chilwell នៅទីផ្សារលើកនេះ ប៉ុន្តែ Leicester នឹងមិនអនុញ្ញាតឲ្យកីឡាករខ្លួនចាកចេញក្នុងតម្លៃទាបនោះទេ។ ប្រភពខាងលើបានឲ្យដឹងថា ក្លិបកញ្ជ្រោងខៀវចង់បានតម្លៃខ្លួន៨០លានផោនសម្រាប់ Chilwell ដែលតម្លៃនេះស្មើទៅនឹងកាលពីលក់ Maguire ទៅឲ្យ Man UTD នៅរដូវក្ដៅឆ្នាំមុខ។
កីឡាករ Ben Chilwell
Leicester City ហាក់មិនមានសម្ពាធក្នុងការលក់ Chilwell នោះទេ ដោយរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ក្លិបក៏បានរៀបចំឡើងវិញរួចស្រេច ខណៈក្លិបជើងឯក Premier League មួយសម័យកាលនេះក៏មានភាគរយខ្ពស់កក់កៅអីទៅលេងពានរង្វាន់ Champions League នៅរដូវកាលនេះក្រោយផងដែរ។ គួរឲ្យដឹងថា សម្រាប់រដូវកាលនេះ Ben Chilwell ចូលលេងឲ្យ Leicester City បានសរុប២៨ប្រកួត រកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤ដង ហើយគេក៏ជាកម្លាំងសំខាន់របស់លោក Gareth Southgate ក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសផងដែរ៕
កីឡាករ Ben Chilwell