តាមពិត នៅស្រុកគេ បើកូនក្រមុំខ្លះ មិនអាចពន្យាមង្គលការបាន ចំពេលជំងឺ Covid-19 រាតត្បាត គឺគេធ្វើបែបនេះ

បរទេស៖ ជំងឺ Covid-19 ជាជំងឺមួយ ដែលធ្វើឲ្យសកលលោក កំពុងតែជួបបញ្ហាខ្លាំងជាទីបំផុត ដែលកំណើនអ្នកឆ្លង ក៏ឆ្លងលឿនខ្លាំង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ខណៈគ្រូពេទ្យក៏ដុតដៃដុតជើង ក្នុងការព្យាបាលអ្នកជំងឺ ឲ្យបានជាសះស្បើយ ឆាប់បានត្រឡប់ទៅគេហដ្ឋាន ជួបជុំក្រុមគ្រួសារឡើងវិញ។
ប៉ុន្តែគេក៏ចាប់អារម្មណ៍ដែរថា ខណៈជំងឺនេះ កំពុងតែសាយភាយ រាតត្បាតធ្ងន់ធ្ងរ ជុំវិញពិភពលោក មិនថាប៉ែកអាស៊ី ប៉ែកខាងអឺរ៉ុបទេ តែនៅតែមានអ្នកប្រារព្ធពិធីមង្គលការទៅវិញ ដោយមិនធ្វើការពន្យាថ្ងៃការនោះទេ។ ក្នុងនោះដែរ បើកូនក្រមុំ កូនកម្លោះ សម្រេចចិត្តថា មិនផ្លាស់ប្តូរថ្ងៃការ គឺពួកគេ ត្រូវតែធ្វើវិធីនេះ ឲ្យបានខ្ជាប់ខ្ជួនបំផុត នេះបើតាមមតិរបស់កូនក្រមុំ កូនកម្លោះ ដែលបានរៀបការចំជំងឺនេះ ដោយបាននិយាយប្រាប់ខាងសារព័ត៌មានបរទេស៖១) គ្រប់យ៉ាងត្រូវរៀបចំ សាដើម ៖ បើទោះបីជាពិធីត្រូវធ្វើក៏ដោយ តែចំនួនភ្ញៀវត្រូវកំណត់សាដើម ដោយមិនអាចច្រើនហួសកំណត់នោះទេ ដោយក្នុងបរិមាណសមរម្យបំផុត មិនអាចហៅភ្ញៀវមក ណែនពេញរោងការទេ។ ហើយទីកន្លែងក៏ដូចគ្នា ក៏ត្រូវប្តូរ យកកន្លែងណា ដែលមានខ្យល់អាកាសចេញចូលបានល្អ មិនហប់ មិនស្ទះខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម។ ២) វ័យដែលមិនអនុញ្ញាតឲ្យចូលរួម៖ ជារឿងមួយនេះ ពិតជាសំខាន់ គឺវ័យមួយចំនួន មិនអនុញ្ញាតឲ្យចូលរួម ដូចជាកូនក្មេងតូចខ្លាំងពេក និង លោកយាយលោកតា បើទោះបីជាពួកគេ ជាភ្ញៀវ ឬបងប្អូន សាច់ញាតិអ្វីក៏ដោយ ដោយសារតែ វ័យរបស់ពួកគេ អាចងាយឆ្លងនឹងជំងឺនេះខ្លាំងពេក ដូច្នេះគេមិនតម្រូវឲ្យចូលរួមក្នុងមង្គលការទេ។ 
៣) ម្ហូបមិនដាក់រួម៖ ទាក់ទងនឹង ការសេវាបម្រើម្ហូបអាហារ គ្រប់យ៉ាងត្រូវតែមានអនាម័យល្អ ចាន ស្លាបព្រា និង អ្នករត់តុ ត្រូវពាក់ម៉ាស់ទាំងអស់។ អ្វីដែលសំខាន់ កូនក្រមុំកូនកម្លោះ នឹងត្រូវចាត់ចែង ទាក់ទងនឹងម្ហូបអាហារ មិនយកម្ហូបណា ដែលទទួលទានរួម មានន័យថា មុខម្ហូប គឺប្រភេទដាក់ចាន ផ្សេងគ្នាទាំងអស់។៤) ចំនុចមួយចំនួនក៏ត្រូវជៀសវាង៖ មិនអាចចាក់ស្រា ចេញពីកែវចូលកែវមួយបានទេ របស់ញ៉ាំផ្សេងគ្នាដាច់ ដោយគេគិតថា ខ្លាចដបស្រា ទៅប៉ះនឹងមាត់កែវភ្ញៀវ រួចទៅបន្តចាក់ស្រា ឲ្យភ្ញៀវផ្សេងទៀត។ ហើយទាក់ទង ការសម្តែង ក៏មិនត្រូវឲ្យមានផងដែរ ដូចជារាំអ្វីក៏ដោយ ដោយសារតែ មានការប៉ះពាល់គ្នាយ៉ាងជិតស្និទ្ធបំផុត។៥) ភ្ញៀវដែលចូលរួម៖ តម្រូវឲ្យពាក់ស្រោមដៃទាំងអស់គ្នា រួចការពារអនាម័យដោយខ្លួនឯង ប៉ុន្តែនៅក្នុងរោងការ សុទ្ធតែ មានទឹកអាល់កុល ជេលលាងដៃ គ្រប់ទីកន្លែង ដើម្បីឲ្យភ្ញៀវប្រើប្រាស់។ ជាពិសេស តម្រូវឲ្យភ្ញៀវ មានការប្រុងប្រយ័ត្ន លើការទទួលទានអាហារ ភេសជ្ជះ មិនអាចលូកលំបាននោះទេ។នេះជាវិធីដែលកូនក្រមុំកូនកម្លោះមួយចំនួន បានធ្វើ ពេលពួកគេបានរៀបការ តែយ៉ាងណាមិញ ក៏មានមនុស្សភាគច្រើន មិនសូវពេញចិត្តផងដែរ ព្រោះជាការប្រថុយ និងហានិភ័យខ្ពស់ខ្លាំងណាស់ ពេលរៀបចំមង្គលការចំជំងឺCovid-19 ដ៏កាចសាហាវនេះ៕