ត្រូវប៉ាន់ណាស់! វីដេអូខលតាមហ្វេសប៊ុកមានការកើនឡើង រហូតដល់ ១,០០០ ភាគរយ ខណៈអ៊ីតាលីកំពុងបិទប្រទេស

អ៊ីតាលី៖ ហ្វេសប៊ុកបានមើលឃើញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន មានការកើនឡើងខ្លាំង នៅក្នុងចំណោមប្រទេសដែលបិទការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ប្រទេសអ៊ីតាលីដែលមានវិធានការតឹងតែងបំផុត មានការកើនឡើងខ្ពស់ នៃការប្រើប្រាស់វីដេអូខលជាក្រុម ដោយចំនួននេះហក់ឡើងទៅដល់ ១,០០០ ភាគរយឯណោះ។ ហ្វេសប៊ុកគឺជាម្ចាស់គ្រប់គ្រងកម្មវិធីមួយចំនួន ដូចជា Instagram និង WhatsApp ដែលជាកម្មវិធីផ្ញើសារដែលមានប្រជាប្រិយភាពមួយ។ បណ្ដាញសង្គមយក្សមួយនេះបាននិយាយថា ប្រព័ន្ធចរាចរណ៍នៃការផ្ញើសារ នៅវេទិកាកម្មវិធីរបស់ខ្លួនទាំងអស់ មានការកើនឡើង ៥០ ភាគរយជាមធ្យម នៅទូទាំងប្រទេសដែលរងគ្រោះថ្នាក់ខ្លាំងបំផុត។
ដោយសារតែមិនអាចជួបមុខគ្នាដោយផ្ទាល់ ទើបវីដេអូខលមានការកើនឡើងខ្ពស់
ហ្វេសប៊ុកបានសរសេរកាលពីថ្ងៃអង្គារថា៖ «យើងមិនបានរកកម្រៃនៅលើសេវាកម្មទាំងអស់នេះទេ ខណៈដែលយើងឃើញថា ការប្រើប្រាស់មានការកើនឡើង»។ គួររម្លឹកផងដែរថា នៅប្រទេសអ៊ីតាលីតែឯងមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ លើសពី ៦,០០០ នាក់។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់វីដេអូខលជាក្រុម ប្រទេសនេះបានចំណាយពេលប្រើកម្មវិធីហ្វេសប៊ុករហូតដល់ទៅ ៧០ ភាគរយ។ ហ្វេសប៊ុកបានគូសបញ្ជាក់ អំពីជំហានដែលខ្លួនកំពុងធ្វើ ដើម្បីបង្កើនសមត្ថភាព កំឡុងពេលចរាចរណ៍នៃការប្រើប្រាស់កាន់តែខ្ពស់ នៅពេលមនុស្សម្នាជាប់នៅក្នុងផ្ទះ និងធ្វើការពីផ្ទះ។ ហ្វេសប៊ុកក៏បានទម្លាក់កម្រិតគុណភាពវីដេអូ នៅតំបន់អឺរ៉ុប ដើម្បីជួយកាត់បន្ថយតម្រូវការអ្នកផ្ដល់សេវាកម្មអ៊ីនធឺណេត។ ការផ្លាស់ប្ដូរនេះមានន័យថា វីដេអូនីមួយៗនឹងប្រើប្រាស់ទិន្នន័យតិចជាងមុន៕