អុញនោះ! កីឡាករជួរមុខម្នាក់នេះ បានបដិសេធបន្តកុងត្រាថ្មីជាមួយ Chelsea ខណៈ Inter និង Spurs ចាំត្រងយករូបគេ

  • ពុធ ២៥ មីនា, ២០២០ ១៦:៤១
អង់គ្លេស៖ ខ្សែប្រយុទ្ធ Olivier Giroud ត្រូវបានគេរាយការណ៍ថា បានបដិសេធកុងត្រាថ្មី ដែលផ្ដល់ជូនដោយក្លិបតោខៀវ ​Chelsea ស្របពេលក្លិបយក្សអ៊ីតាលី Inter Milan និង Tottenham Hotspur មានចំណាប់អារម្មណ៍ចង់នាំរូបគេចេញពីកីឡដ្ឋាន Stamford Bridge ដោយមិនមានតម្លៃខ្លួន។កិច្ចសន្យាបច្ចុប្បន្នរបស់ Giroud ជាមួយនឹង Chelsea នឹងផុតកំណត់នៅខែមិថុនាខាងមុខ ខណៈក្លិបតោខៀវ មានបំណងចង់បន្តកុងត្រាថ្មីឲ្យរូបគេ ព្រោះមិន​ចង់បាត់បង់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ដោយមិនទទួលបានតម្លៃផ្ទេរសូម្បីតែ១សេន។
ខ្សែប្រយុទ្ធOlivier Giroud
យោងតាមការចុះផ្សាយរបស់កាសែត Calciomercato ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានដាក់សំណើចរចាពន្យារកិច្ចសន្យា Giroud រយៈពេល១២ខែទៀត ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងបានច្រានចោល មិនព្រមចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនោះ ក្រោយទទួលបានការចាប់អារម្មណ៍ពីក្លិប Inter Milan។ប្រភពដដែលបានបន្ថែមទៀតថា គ្រូបង្វឹកក្រុម Inter លោក Antonio Conte បានដាក់គោលដៅឆ្មក់យកកីឡាករ៣រូបពីអតីតក្លិបរបស់លោក ក្នុងនោះរួមមានខ្សែប្រយុទ្ធ Giroud ខ្សែការពារស្លាប Marcos Alonso និង Victor Moses។ដោយឡែក កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ​ ក្នុងចំណោមកីឡាករ៣រូបខាងលើ លោក Conte យកបានម្នាក់ហើយគឺខ្សែការពារស្លាបស្ដាំ Victor Moses ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។
ខ្សែការពារស្លាបស្ដាំ Victor Moses
Giroud ហាក់មិនសូវមានឱកាសបានចូលលេងទៀងទាត់នោះទេក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Frank Lampard ដោយតំណែងរបស់គេ ត្រូវបានគ្រូបង្វឹកសញ្ជាតិអង់គ្លេស ផ្ដល់ការទុកចិត្តទៅលើខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham។ យ៉ាងណាមិញ មួយរយៈចុងក្រោយ កំឡុងពេលដែល Abraham របួស Giroud ត្រូវបានលោក Lampard ជ្រើសរើសឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូងវិញ។
ខ្សែប្រយុទ្ធTammy Abraham
គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Giroud បង្ហាញខ្លួនក្នុងក្រុមលោក Lampard បាន១៣ប្រកួតប៉ុណ្ណោះគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់៕