អីយ៉ាស! Man UTD នឹងលក់ Smalling ចេញ ប្រសិនបើពួកគេទិញកីឡាករកំពុងឡើងជើងរូបនេះបាន

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៩:២២
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមរួចរាល់ក្នុងការអនុញ្ញាតឲ្យខ្សែការពារ Chris Smalling ផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Roma ជាអចិន្រ្តៃយ៍ ប្រសិនបើពួកគេសម្រេចកិច្ចព្រមព្រៀងនាំយកកីឡាករ Kalidou Koulibaly របស់​ Napoli មកកាន់​ Old Trafford បាន។Smalling បានកែប្រែទម្រង់លេងល្អប្រសើរជាងមុន ចាប់តាំងពីគេផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A ក្នុងរដូវកាលនេះ ហើយបើតាមរបាយការណ៍ ក្លិប Roma ចង់រក្សាខ្សែការពារសញ្ជាតិអង់គ្លេសនៅកីឡដ្ឋាន Stadio Olimpico បន្តនៅពេលកិច្ចសន្យាខ្ចីជើងរបស់គាត់ផុតកំណត់នៅខែមិថុនា។
ខ្សែការពារChris Smalling
យោងតាមការចុះផ្សាយរបស់កាសែត La Gazzetta dello Sport ក្លិប Roma អាចរក្សា Smalling បាន លុះត្រាណាតែ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer សម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែការពារ Koulibaly។Koulibaly វ័យ២៨ឆ្នាំ មួយរយៈចុងក្រោយមានព័ត៌មានលេចឭទៅនឹងការផ្លាស់មកកាន់ក្របខណ្ឌ Premier League។ យ៉ាងណាមិញ ក្លិប Napoli បានដាក់តម្លៃខ្លួនខ្សែការពារឆ្នើមរូបនេះ រហូតដល់៩០លានផោន (ឬប្រមាណ១០៦លានដុល្លារ) ក្នុងគោលបំណងបញ្ឍប់ការចង់បានរបស់ក្លិបផ្សេងៗ។
កីឡាករKalidou Koulibaly
ដោយឡែក កាលពីពេលថ្មីៗ គេមើលឃើញថាទំនាក់ទនងរវាង Koulibaly ជាមួយនឹងម្ចាស់ក្លិប Napoli លោក Aurelio de Laurentiis ហាក់មានការល្អក់កករដាក់គ្នា ដោយខ្សែការពារសញ្ជាតិសេណេហ្កាល់ បានបដិសេធមិនទៅជំរុំហ្វឹកហាត់ ដូច្នេះក្លិបទំនងជាអាចបញ្ចេញគាត់ដោយសារកត្តាមួយនេះ។គួររម្លឹកផងដែរថា Koulibaly បានផ្លាស់ពីក្រុម KRC Genk មកចូលរួមជាមួយនឹងក្រុម Napoli កាលពី១ឆ្នាំ២០១៤។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុម​នៅ​ Serie A បានលើស ២០០ប្រកួត ក្នុងនោះគេជួយក្រុមលើកពាន Italian Super Cup បានចំនួន១ដង៕