អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអុីតាលីកើនដល់ ៧៥០៣នាក់ ខណៈជំងឺនេះអាចនឹងរាលដាលបន្ដទៅភាគខាងត្បូងនៃប្រទេស

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១០:១៩
អុីតាលី៖ យោងតាមទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយនៅថ្ងៃពុធម្សិលមិញថា មនុស្សជាង ៦៨០ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអុីតាលី ដោយគិតត្រឹមតែរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៧៥០៣ នាក់ ស្របពេលមានការព្រួយបារម្ភថា ជំងឺនេះកំពុងរាលដាលខ្លាំងឆ្ពោះទៅភាគខាងត្បូងប្រទេសអុីតាលី។
ក្រុមការពារសន្ដិសុខ
ប្រទេសអុីតាលី បានក្លាយជាប្រទេសដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺថ្មីកូវីដ-១៩ ច្រើនជាងគេបង្អស់ បន្ទាប់តួលេខនៃចំនួនអ្នកស្លាប់បានវ៉ាដាច់ប្រទេសចិនតាំងពីថ្ងៃទី ១៩ ខែ មីនា មក។ បើទោះជាតួលេខនេះ មានចំនួនច្រើនជាងប្រទេសដទៃក៏ពិតមែន តែគេសង្កេតឃើញតំបន់ភាគខាងជើង Lombardy ដែលជាចំណុចរងគ្រោះខ្លាំងជាងគេ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ និងករណីឆ្លងថ្មីកាលពីថ្ងៃពុធ ស្របពេលតំបន់ដែលពុំសូវផ្ទុះខ្លាំងនៅភាគខាងត្បូង ហាក់កើនឡើងឥតឈប់ឈរ ខណៈសេវាកម្មសុខាភិបាលក្នុងតំបន់នេះ ក៏នៅមានតិចជាងតំបន់ភាគខាងជើងផងដែរ។
ក្រុមមន្រ្ដី
លោក Vincenzo De Luca ប្រធានតំបន់ Campania បានសរសេរលិខិតដោយបើកចំហមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី Giuseppe Conte ថា៖រហូតមកទល់ពេលនេះ មនុស្សចំនួន ៧៤ នាក់បានស្លាប់នៅក្នុងតំបន់ Campania ជាតំបន់រងគ្រោះខ្លាំងជាងគេ ក្នុងចំណោមតំបន់ផ្សេងៗទៀតនៃភាគខាងត្បូងប្រទេសអុីតាលី។ ខណៈតំបន់ភាគកណ្ដាលនៃទីក្រុង Lazio ក្បែររដ្ឋធានីរ៉ូមមានអ្នកស្លាប់ចំនួន ៩៥ នាក់។
មឈូសដាក់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
គួរបញ្ជាក់ថា នៅអុីតាលីមានចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនដល់ ៧៥០៣ នាក់ និងករណីឆ្លងសរុបមានចំនួន ៧៤,៣៨៦ ករណី ខណៈអ្នកជំងឺចំនួន ៩,៣៦២ បានជាសះស្បើយវិញ។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០៕