គួរឲ្យបារម្ភណាស់! ផ្ទាំងទឹកកកយក្ស នៅតំបន់អង់តាក់ទិកកំពុងតែរលាយ ហើយកម្រិតកម្ពស់ទឹកសមុទ្រ នឹងមានការកើនឡើង

អាមេរិក៖ ក្នុងរយៈពេល ២២ ឆ្នាំចុងក្រោយនេះ ផ្ទាំងទឹកកកយក្សនៅតំបន់អង់តាក់ទិកបានថយអស់ទំហំស្ទើរតែ ៤.៨ គីឡូម៉ែត្រ។ ប្រសិនបើវារលាយអស់ កម្រិតកម្ពស់ទឹកសមុទ្រនឹងកើនឡើងស្ទើរតែ ១.៥ ម៉ែត្រ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ៊ីវវីន និងមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា។
តំបន់ផ្ទាំងទឹកកក Denman
បន្ទាប់ពីការវាយតម្លៃរបស់ពួកគាត់នៅផ្ទាំងទឹកកក Denman ស្ថិតនៅភាគខាងកើតតំបន់អង់តាក់ទិក ក្រុមអ្នកស្រាវជ្រាវបានយល់ស្របគ្នាថា វាជារឿងមួយគួរឲ្យបារម្ភ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏មានការព្រួយបារម្ភចំពោះតំបន់អង់តាក់ទិកខាងលិច ដែលជាកន្លែងមានផ្ទាំងទឹកកកកំពុងរលាយយ៉ាងរហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។ ប៉ុន្ដែតំបន់ផ្ទាំងទឹកកក Denman មានទំហំធំមែនទែន ប្រហែល ១៦ គីឡូម៉ែត្រ ដែលវាអាចជះឥទ្ធិពលដល់ការកើនឡើងកម្រិតកម្ពស់ទឹកសមុទ្រ។ នៅចន្លោះឆ្នាំ ១៩៧៩ និង ២០១៧ ផ្ទាំងទឹកកកបានបាត់បង់ម៉ាសត្រួតរបស់វាចំនួន ២៦៨ ពាន់លានតោន នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ។ វាកំពុងតែរលាយ ប្រហែល ៣ ម៉ែត្រក្នុងមួយឆ្នាំ ដែលជាមធ្យមប្រៀបធៀបជាមួយផ្ទាំងទឹកកក នៅតំបន់អង់តាក់ទិកផ្សេងទៀត។ អ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថា ខណៈពេលអាកាសធាតុនៅតែក្ដៅ ផ្ទាំងទឹកកកអាចនឹងត្រូវរលាយខ្លាំងដែរ៕