វេជ្ជបណ្ឌិតអ៊ីតាលីយ៉ាងហោចណាស់ ២៣ នាក់ បានស្លាប់ដោយសារឆ្លងជំងឺកូវីត-១៩

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៣:០០
រ៉ូម៖ គិតត្រឹមថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០ មានវេជ្ជបណ្ឌិតចំនួន ២៣ នាក់រួចទៅហើយ ដែលបានដោយសារឆ្លងជំងឺកូវីត-១៩នៅក្នុងប្រទេសអ៊ីតាលី។ ហើយរហូតមកដល់ពេលនេះ ចំនួនវេជ្ជបណ្ឌិតដែលបានស្លាប់ឬឆ្លងជំងឺ​បានបន្តកើន​ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។
វេជ្ជបណ្ឌិតនៅភាគខាងជើងប្រទេសអ៊ីតាលី មើលថែអ្នកជំងឺដែលមានជំងឺ​
វេជ្ជបណ្ឌិត ១៩ នាក់ក្នុងចំណោមវេជ្ជបណ្ឌិតទាំង ២៣ នាក់ ​បានស្លាប់នៅ​ក្នុងតំបន់ Lombardy ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេស។ ដោយឡែក វេជ្ជបណ្ឌិតផ្សេងៗទៀត បានស្លាប់​នៅតំបន់ Emilia Romagna, Marche, និង​ Naples។
បុគ្គលិកសុខាភិបាល​ធ្វើការ​ខាងក្រៅមន្ទីរពេទ្យ Spedali di Brescia ក្នុងប្រទេសអ៊ីតាលី
វេជ្ជបណ្ឌិត Marcello Natali ដែលជំនាញខាងព្យាបាលជំងឺទូទៅ​​បានប្រកាសអាសន្នអំពីកង្វះខាតនៃ​សម្ភារការពារខ្លួន​​ ប៉ុន្តែចុងក្រោយលោកក៏បានស្លាប់ដោយសារឆ្លងជំងឺកាលពីថ្ងៃទី ១៨ ខែមីនា។ មុនពេល​ស្លាប់​ វេជ្ជបណ្ឌិត Natali ត្រូវបានជួបសម្ភាសដោយសារព័ត៌មាន Euronews ​ហើយ​បានលាតត្រដាងថា លោកត្រូវបានគេបង្ខំឱ្យធ្វើការទាំងគ្មាន​​សម្ភារការពារខ្លួន ពីព្រោះខាងមន្ទីរពេទ្យមិនមានសម្ភារផ្គត់ផ្គង់​​។
វេជ្ជបណ្ឌិត Marcello Natali
យោងតាមរបាយការណ៍ចុងក្រោយរបស់សហព័ន្ធគ្រូពេទ្យនៃប្រទេសអ៊ីតាលីបានឱ្យដឹងថា បុគ្គលិក​ពេទ្យប្រមាណ ៤,២២៤ នាក់ឆ្លងជំងឺកូវីត-១៩។ ហើយក្នុងនោះដែរ សហព័ន្ធគ្រូពេទ្យអ៊ីតាលីក៏បាន​រៀបចំបញ្ជីឈ្មោះវេជ្ជបណ្ឌិតនិងបុគ្គលិក​ពេទ្យទាំងអស់ ដែលបានស្លាប់ក្នុងពេលផ្ទុះឡើងនៃជំងឺរាតត្បាតកូវីត-១៩នេះ។
វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺ
​គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ប្រទេសអ៊ីតាលីមានអ្នកឆ្លងជំងឺកូវីត-១៩ ចំនួន ៧៤,៣៨៦ នាក់ ​ចំណែកអ្នកស្លាប់កើនដល់ ៧,៥០៣ នាក់៕
បុគ្គលិកសុខាភិបាល​ម្នាក់ពិនិត្យមើលមឈូសមួយ ដែលត្រូវបានដាក់នៅក្នុង​ព្រះវិហារ​សាសនា