ច្រើនណាស់លោកព្រះ! Mourinho មានកញ្ចប់ថវិការសម្រាប់ទិញកីឡាករនៅរដូវក្ដៅ រហូតដល់ទៅ…..

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៤:៣៦
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានរាយការណ៍មកថា នឹងមានកញ្ចប់ទឹកប្រាក់ ១៤៥លានអឺរ៉ូ ដើម្បីចាយវាយក្នុងការទិញកីឡាករចូល សម្រាប់ទីផ្សាររដូវក្ដៅខាងមុខ។
លោក Jose Mourinho
Mourinho បានចូលមកជំនួសតំណែងរបស់ Mauricio Pochettino ជាគ្រូបង្គោលរបស់ Spurs កាលពីខែវិច្ឆិកាកន្លងទៅ ខណៈ២៦ប្រកួតក្រោមការដឹកនាំរបស់បុរសសញ្ជាតព័រទុយហ្គាល់ Spurs ឈ្នះ១១ ចាញ់៩ និងស្មើ៦។ ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះទំនងប្រឈមនឹងការគ្មានកៅអីទៅលេងពានរង្វាន់ Champions League សម្រាប់រដូវកាល ២០២០-២០២១ ស្របពេលដែលបច្ចុប្បន្ន Spurs កំពុងឈរលេខ៨ ក្នុងតារាងចំណាត់ថ្នាក់ Premier League និងមានគម្លាត៧ពិន្ទុពីក្រុម Top 4។
ក្រុម Tottenham Hotspur
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ Bild លោក Jose Mourinho នឹងមានទឹកប្រាក់ក្នុងដៃ ១៤៥លានអឺរ៉ូ ដើម្បីចំណាយលើការនាំចូលកីឡាករថ្មីៗមកពង្រឹងក្រុម។ ក្នុងនោះ គោលដៅចម្បងរបស់ Spurs គឺខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Marcel Sabitzer។Sabitzer បង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើលនៅរដូវកាលនេះ ដោយទាត់ចូល១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៨លើក នៅរដូវកាលនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏រកបាន២គ្រាប់ ក្នុងជំនួបដែល RB Leipzig យកឈ្នះ Spurs ៣-០ ការប្រកួតជើងទីពីរ ពានរង្វាន់ Champions League ផងដែរ៕
កីឡាករ Marcel Sabitzer