ហេតុតែចង់បាន! Barca សុខចិត្តលះបង់កីឡាករ៥នាក់នេះ ឲ្យ Inter ជាថ្នូរដោះដូរយក Martinez

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៥:៤៤
អេស្ប៉ាញ៖ រយៈពេលជាច្រើនឆ្នាំកន្លងមក ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បានចំំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ទៅលើកីឡាករណាម្នាក់ ដែលពួកគេចង់បាន និងត្រូវការ ដូច្នេះដើម្បីកំណត់ក្នុងការចាយវាយរបស់ក្លិបធំៗទាំងអស់នោះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានចងក្រងនៅច្បាប់មួយគឺច្បាប់ Financial Fair Play ដែលជាច្បាប់ “តុល្យភាព​ហិរញ្ញ​វត្ថុ”។ហើយកាលពីខែកុម្ភៈកន្លងទៅ ក្លិបមេឃខៀវ Manchester City ទើបនឹងត្រូវបាន UEFA រកឃើញថា បានចាយវាយក្នុងការទិញដូរកីឡាករហួសកម្រិត ដែលបច្ចុប្បន្នពួកគេកំពុងប្រឈមនឹងការរងពិន័យមិនអាចចូលប្រកួតពានរង្វាន់ Champions League រយៈពេល២រដូវកាល។ យ៉ាងណាមិញ ក្លិបធំៗផ្សេងទៀត ក៏មិនចង់ទទួលរងពិន័យដូច Man City នោះដែរ ដោយពួកបានគេរិះរកនូវវិធីសាស្រ្តផ្សេងៗដើម្បីគេចផុតពីការដាក់ទោសទណ្ឌរបស់ UEFA នៅពេលចាយវាយទិញកីឡាករដែលមានតម្លៃខ្លួនថ្លៃ។ក្នុងនោះគេមើលឃើញថា បច្ចុប្បន្នក្លិបធំៗជាច្រើននិយម ដាក់កីឡាករក្នុងកិច្ចព្រមព្រៀងដើម្បីដោះរដូរគ្នា ជាជាងការចំណាយលុយទាំងស្រុងតែម្ដង។ តួយ៉ាង តាមរយៈរបាយការណ៍របស់កាសែត The Sun កាលពីពេលថ្មីៗ ក្លិប Barcelona មានគម្រោងលះបង់កីឡាកររបស់ខ្លួនរហូតដល់ទៅ៥រូប ទៅឲ្យក្រុម Inter Milan ដើម្បីជាថ្នូរដោះដូរយកខ្សែប្រយុទ្ធ កំពុងឡើងកូដ Lautaro Martinez
ខ្សែប្រយុទ្ធ Lautaro Martinez
ប្រភពខាងលើបានបន្ថែមទៀតថា កីឡាករទាំង៥រូបនោះរួមមាន Arturo Vidal, Arthur Melo, Jean-Clair Todibo, Carles Alena និង Nelson Semedo
កីឡាករទាំង៥រូប
ទោះជាយ៉ាងណា ការផ្ដល់ជូននេះ ទំនងជាមិនមែនជាអ្វីដែលក្រុម Inter ចង់បាននោះទេ ដោយយោងតាមការចុះផ្សាយរបស់កាសែត Sport ក្លិបយក្សអ៊ីតាលី នឹងទទួលតែលុយសុទ្ធពី Barca ប៉ុណ្ណោះ ដោយពួកគេទាមទារចង់បានតម្លៃប្រមាណ១២០លានដុល្លារ ពីក្លិបយក្សនៅតំបន់កាតាឡាន់ ដែលនេះជាតម្លៃទិញផ្ដាច់កុងត្រារបស់​ Martinez៕