បុរសម្នាក់ ប្រើសុនខទៅទិញអាហារឲ្យ ដោយសរសេរក្រដាសមួយសន្លឹក និងលុយបិទជាប់នឹងក.របស់វា ខណៈវីរុសកូវីដ-១៩ កំពុងរាតត្បាត

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៦:២៣
ម៉ិកស៊ិក៖ បុរសម្នាក់ បានសាងភាពភ្ញាក់ផ្អើលដល់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន តាមរយៈការបញ្ជាឲ្យសត្វចិញ្ចឹមរបស់គាត់ ចេញទៅក្រៅដើម្បីទិញអាហារ ស្របពេលរូបគាត់កំពុងស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប្រភេទថ្មីកូវីដ-១៩ ។
សុនខរបស់លោកAntonio
បុរសខាងលើឈ្មោះថា Antonio Muñoz រស់នៅប្រទេសម៉ិកស៊ិក ដែលរូបលោកទើបនឹងនៅដាច់ដោយឡែកតែម្នាក់ឯងបានត្រឹមបីថ្ងៃប៉ុណ្ណោះ។ ហើយថ្ងៃមួយ នៅពេលដែលលោកចង់បរិភោគនំ ប៉ុន្ដែមិនអាចចេញទៅទិញដោយខ្លួនឯង លោកបានងាកទៅរកសត្វចិញ្ចឹមរបស់លោកដើម្បីឲ្យជួយ។
សុនខពេលត្រលប់មកវិញ
តួយ៉ាងលោក Antonio បានយកក្រដាសរួចសរសេរអក្សរនៅលើនោះថា «សួស្ដីលោកម្ចាស់ហាង! សូមលក់នំ Cheetos ឲ្យសុនខរបស់ខ្ញុំកញ្ចប់ពណ៌ទឹកក្រូច មិនមែនក្រហមទេ ព្រោះវាមានរសជាតិហឹរ។ សុនខរបស់ខ្ញុំមានភ្ជាប់លុយទៅជាមួយចំនួន២០ដុល្លារ ជាប់នឹងក.របស់វា»។ ហើយលោកក៏បានរុំក្រដាសមួយសន្លឹកនោះ​ ជាមួយលុយ២០ដុល្លារនឹងក.របស់សុនខលោក។ ហើយកូនសុនខនោះមើលទៅ ដូចជាមានអារម្មណ៍ភ័យបន្ដិច តែទោះជាយ៉ាងណាក្ដីវាបានត្រលប់មកវិញជាមួយនឹងនំ Cheetos ពណ៌ទឹកក្រូចមួយកញ្ចប់ឲ្យម្ចាស់របស់វាផងដែរ។
សំបុត្រដែលលោក Antonio បិទជាប់នឹងក.សត្វចិញ្ចឹមរបស់គាត់
ជាមួយគ្នានេះ នៅពេលសុនខត្រលប់មកដល់ផ្ទះវិញ លោក Antonio បានផ្ដិតយកទិដ្ឋភាពពេលនោះទៅបង្ហោះនៅលើបណ្ដាញសង្គម ដែលបណ្ដាលឲ្យមហាជនជាច្រើនបង្ហាញនូវអារម្មណ៍ចូលចិត្ដ រួមនឹងការបញ្ចេញមតិផ្ទាល់ខ្លួន ហើយបានចែករំលែករូបភាពនោះតៗគ្នាផងដែរ៕