លោកស្រីឱ វណ្ណឌីន៖ អ្នកភ្នំពេញ​វ័យ​២៧​ឆ្នាំ ដែលឆ្លងកូវីដ១៩ ជា​​អ្នក​ដើរ​លេង​​ច្រើន​​នៅប៉ោយ​ប៉ែត

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៥:៥៩
គិតត្រឹមព្រឹកថ្ងៃ២៥ មីនានេះកម្ពុជាមានអ្នកផ្ទុកកូវីដ១៩ ចំនួន៩៦នាក់ ស្រី២៥នាក់ ដោយក្នុងនោះអ្នកជា​សះ​ស្បើយមាន១០នាក់ហើយ។ក្នុងចំណោមអ្នកទាំង៩៦នាក់ ថ្មីៗមានករណីបុរសម្នាក់ អាយុ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញត្រូវ ក្រសួងសុខាភិបាល​បញ្ជាក់កាលពីថ្ងៃ២៥ មីនា ម្សិលមិញថា បានឆ្លងកូវីដ១៩។​ បន្ទាប់ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយពីករណី​ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេបានបង្ហាញពីចម្ងល់របស់ខ្លួនពាក់ព័ន្ធករណីមួយនេះ​។ សំណួរភាគច្រើនបានសួរថា តើបុរសម្នាក់នោះ ពិតជាបានឆ្លងកូវីដ១៩ ក្នុងសហគមន៍មែន ឬទេ? តបនឹងចម្ងល់នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ តាមរយៈ​តេលេក្រាមមកកាន់ក្រុមអ្នកសារព័ត៌មានថា បុរសដែលរស់នៅភ្នំពេញខាងលើ ជាអ្នកដើរលេងច្រើននៅប៉ោយប៉ែត។ លោកស្រីថា៖ «គាត់ជាអ្នកដើរលេងច្រើននៅប៉ោយប៉ែត ហើយមានមិត្តភក្តិជាជនជាតិបរទេស​​ក្បែរៗនោះជួបគ្នាចុះ​ឡើងច្រើនគ្នា។ ចំណែកមិត្តស្រីគាត់ ធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន»។សូមបញ្ជាក់ថា​ គិតត្រឹមរសៀលថ្ងៃ២៦ មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន៩៦ករណី ក្នុងនោះបានជាសះ​ស្បើយ១០នាក់។ជាការកត់សម្គាល់ ក្នុងន័យទប់ស្កាត់វីរុសខាងលើ រដ្ឋាភិបាលជាបន្តបន្ទាប់បានតម្រូវឲ្យមន្ត្រីពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំងប្រទេស ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង៕