លោកជិន ម៉ាលីន៖ ក្រសួងយុត្តិធម៌ត្រៀមរៀបចំ​បង្កើត​តុលា​ការ​​​ជំនាញ ២ថែមទៀត

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៦:៣១
លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងយុត្តិធម៌ត្រៀមរៀបចំបង្កើតតុលាការជំនាញ ២ថែមទៀត គឺតុលាការការងារ និងតុលាការពាណិជ្ជកម្ម។ បញ្ជាក់យ៉ាងដូច្នេះ ដោយលោកអះអាងថា បច្ចុប្បន្នតុលាការកម្ពុជាកំពុងទទួលរងបញ្ហាការកកស្ទះនូវ​សំណុំរឿង​ដែល​ពលរដ្ឋបានដាក់មក និងកំពុងជួបការលំបាកនៃកង្វះធនធានមនុស្ស ហើយក៏ពិបាកក្នុងការដោះស្រាយភាព​ចង្អៀត​ណែន នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ ។ការបង្ហើបបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងយុត្តិធម៌» នៅព្រឹក ថ្ងៃទី២៦ ខែមីនា នេះ។លោកជិន ម៉ាលីន បន្តទៀតថា តុលាការជំនាញថ្មីទាំងពីរនេះ ក៏ចូលរួមកាត់បន្ថយការកកស្ទះ សំណុំរឿងនៅក្នុង​តុលាការ និងបានចូលរួមពន្លឿនដំណើរការនីតិវិធីតុលាការ ក្នុងការដោះស្រាយដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ​កាន់តែមានភាពឆាប់រហ័ស ។អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះថា ការបង្កើតតុលាការជំនាញការងារ និងពាណិជ្ជកម្មនេះ គឺទទួលបានការ​ឯកភាពពី សម្តេចនាយករដ្ឋមន្ត្រីហ៊ុន​ សែន ដើម្បីជួយសម្រួលដល់ ពាណិជ្ជករ និងអ្នកមានទំនាស់ផ្នែកការងារ អាចដោះស្រាយវិវាទរបស់ខ្លួនបានលឿនផងដែរ៕
លោកជិន ម៉ាលីន