តោះមកមើលវីដេអូគំរូ បង្ហាញពីរបៀប ដែលជំងឺកូវីដ-១៩ បំផ្លាញសួតអ្នកជំងឺម្នាក់

អាមេរិក៖ វីដេអូមួយបង្ហាញពីសួតរបស់បុរសម្នាក់ ដែលមិនទាន់មានរោគសញ្ញាអ្វីទាំងអស់ នៅប៉ុន្មានថ្ងៃមុននេះ។  ឥឡូវនេះ អ្នកជំងឺមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ហើយសួតរបស់គាត់ដំណើរការមិនប្រក្រតី នេះបើតាមលោកវេជ្ជបណ្ឌិត Keith Mortman ដែលជាប្រធានផ្នែកវះកាត់ នៅមន្ទីរពេទ្យសាកលវិទ្យាល័យ George Washington។
រូបភាព 3D ដែលបង្ហាញពីសួតរបស់អ្នកជំងឺ ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី
កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យបានចេញវីដេអូ 3D នៃសួតអ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត Mortman បាននិយាយថា រូបភាពទាំងនេះបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សួតរបស់បុរសម្នាក់ ដែលមានអាយុ ៥៩​ ឆ្នាំ ដែលមានជំងឺលើសសម្ពាធឈាមប្រចាំកាយផងដែរ។ ចាប់តាំងពីបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការបំពង់ខ្យល់ ដើម្បីជួយឲ្យគាត់ដកដង្ហើមបាន ប៉ុន្ដែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកវេជ្ជបណ្ឌិត Mortman បានបន្ថែមថា គាត់ត្រូវការម៉ាស៊ីនមួយផ្សេងទៀត ដែលអាចបញ្ជូនអុកស៊ីសែនទៅកាន់ឈាមរបស់គាត់។ នៅក្នុងវីដេអូនេះ លោក Mortman បាននិយាយថា តំបន់ដែលមានពណ៌លឿងតំណាងឲ្យ ផ្នែកដែលបានឆ្លងវីរុសនិងរលាកសួត។ នៅពេលសួតទាំងសងខាងឆ្លងវីរុសមួយ សរីរាង្គរបស់អ្នកជំងឺនឹងចាប់ផ្ដើមប្រយុទ្ធប្រឆាំងជាមួយវីរុសនោះ។ ការស្កេនបានបញ្ជាក់ច្បាស់ថា ការខូចខាតមិនស្ថិតនៅមួយកន្លែងនោះទេ ប៉ុន្ដែផ្ទុយទៅវិញវាបានគ្របដណ្ដប់ លើសួតទាំងពីរ ដែលបង្ហាញយ៉ាងឆាប់រហ័សពីការឆ្លង ដែលអាចកើតមាន ទោះបីជាអ្នកជំងឺមានវ័យក្មេងក៏ដោយ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្នកជំងឺដែលមានសួតមានសុខភាពល្អ នឹងមិនមានពណ៌លឿង នៅលើការស្កេននេះទេ។
លោកវេជ្ជបណ្ឌិត Keith Mortman
លោក Mortman បាននិយាយតាមអ៊ីមែលថា ចំពោះអ្នកជំងឺដែលមានបញ្ហាខាងផ្លូវដង្ហើម ជំងឺមួយនេះអាចនឹងបំផ្លាញសួតយ៉ាងឆាប់រហ័ស។ នៅពេលការខូចខាតឈានដល់កម្រិតនេះ សួតអាចចំណាយពេលយូរ ដើម្បីជាសះស្បើយ។ ប្រហែលជាមនុស្សប្រមាណជា ២​ ទៅ ៤ ភាគរយ ដែលមានជំងឺកូវីដ-១៩ ការបំផ្លាញនេះគីមិនអាចវិលត្រឡប់មកវិញបានទេ ហើយអ្នកជំងឺនឹងទប់មិនឈ្នះនឹងវីរុសនេះដែរ៕