ត្រឹម ២៤ ម៉ោងអុីតាលីមានអ្នកស្លាប់ដោយ​វីរុសកូវីដ-១៩ ជាង ៩០០ នាក់ ដែលនេះជាចំនួន​ដ៏ច្រើនបំផុត​

  • សៅរ៍ ២៨ មីនា, ២០២០ ១០:០៥
រ៉ូម៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ទីភ្នាក់ងារការពារជនស៊ីវិលរបស់អុីតាលីបានរាយការណ៍ថា គិតត្រឹមរយៈពេល​ ២៤ ម៉ោងចុងក្រោយ មានមនុស្សយ៉ាងហោចណាស់ ៩១៩ នាក់ ​បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ ដែលនេះជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងដំបូងនៅថ្ងៃទី ២១ ខែ កុម្ភៈ។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ MSN
ក្រុមសង្រ្គោះបន្ទន់
តួលេខថ្មី នៅថ្ងៃសុក្រម្សិលមិញនេះ ជាចំនួនដ៏ច្រើនបំផុត និងមិនធ្លាប់មានពីមុនមក បើធៀបនឹងចំនួនអ្នកស្លាប់ ៧១២ នាក់នៅថ្ងៃព្រហស្បតិ៍, ៦៨៣ នាក់នៅថ្ងៃពុធ, ៧៤៣ នាក់នៅថ្ងៃអង្គារ និង ៦០២ នាក់នៅថ្ងៃចន្ទដើមសប្ដាហ៍។ ជាមួយគ្នានេះដែរ នៅតំបន់ដែលផ្ទុះខ្លាំងជាងគេ​ Lombardy ភាគខាងជើងប្រទេសអុីតាលីឯណោះវិញ ក៏បានរាយការណ៍ពីកំណើនឡើងយ៉ាងខ្លាំងផងដែរ ហើយបច្ចុប្បន្ន តំបន់នេះមានចំនួនអ្នកស្លាប់សរុប ៥,៤០២ នាក់ និងករណីឆ្លងមាន ៣៧,២៩៨ ករណី បើធៀបនឹងថ្ងៃព្រហស្បតិ៍ ដែលមានចំនួនអ្នកស្លាប់ត្រឹមតែ ៤,៨៦១ នាក់ និងករណីឆ្លងមាន ៣៤,៨៨៩ ករណី។
មឈូសដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបនៅថ្ងៃសុក្រទាំង ៩១៩ នាក់នេះ បានរាប់បញ្ជូលចំនួនអ្នកស្លាប់ ៥០ នាក់ផ្សេងទៀតមកពីតំបន់ Piedmont កាលពីថ្ងៃព្រហស្បតិ៍ ដែលបញ្ជូនទិន្នន័យមកដល់យឺតពេល។
ពលរដ្ឋអុីតាលី កំពុងលាងដៃជាមួយនឹងអាល់កុល
គួរឲ្យដឹងដែរថា អុីតាលី ជាប្រទេសដែលមានចំនួនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនបំផុតនៅលើពិភពលោក រហូតទៅដល់ ៩,១៣៤ នាក់ ខណៈចំនួនអ្នកឆ្លងសរុបបានកើនដល់ ៨៦,៤៩៨ នាក់ តាមពីក្រោយសហរដ្ឋអាមេរិកដែលមានចំនួន ១០៥,០១២ នាក់។  នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ ៕