ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅប្រទេសថៃអាចនឹង​កើនឡើងដល់ ៣,០០០ ​នាក់

  • សៅរ៍ ២៨ មីនា, ២០២០ ១០:២៣
បាងកក៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DCD) របស់ប្រទេសថៃបានព្យាករណ៍ថា៖ ចំនួននៃអ្នកឆ្លងវីរុសកូវីត-១៩ នៅប្រទេសថៃអាចនឹង​កើនឡើងដល់ប្រហែល ៣,០០០ ​នាក់នៅចុងខែមេសា ប្រសិនបើអត្រាអ្នកឆ្លងជំងឺជាមធ្យម​មាន ១០០ នាក់ក្នុងមួយថ្ងៃ។
អ្នកដំណើរពាក់ម៉ាសការពារពីវីរុសកូវីត-១៩
លោក Anupong Sujariyakul ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៅ DCD បាននិយាយ​ថា៖ ករណី​​អ្នកឆ្លងវីរុសកូវីត-១៩ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើនឡើងប្រហែលមួយសប្តាហ៍មុន​ ដែល​រួមមាន ​ករណីឆ្លងនៅកន្លែងកម្សាន្ត ​ករណីឆ្លងនៅកន្លែងប្រកួត​ប្រដាល់ និងករណី​អ្នកដែលបានទៅ​ចូលរួម​ពិធីសាសនានៅប្រទេសម៉ាឡេស៊ី​។
ផ្លូវ Khao San ក្នុងទីក្រុងបាងកកប្រទេសថៃ
ដោយឡែកលោក វេជ្ជបណ្ឌិត Prasit Wattanapa ដែលជាប្រធាន​ផ្នែក​ឱសថសាស្ត្រនៃ​មន្ទីរពេទ្យ Siriraj នៅក្នុងទី​ក្រុង​បាងកកបានព្យាករណ៍ថា៖ ចំនួននៃអ្នកឆ្លងវីរុសកូវីត-១៩ នៅប្រទេសថៃ អាចនឹង​កើនឡើងដល់ជាង ២៤០,០០០ នាក់។
ក្រុមបុគ្គលិកសុខាភិបាល វាស់កំដៅអ្នកដំណើរ ខណៈពេលកំពុងផ្ទុះឡើងនៃវីរុសកូរ៉ូណា
គួររម្លឹកផងដែរថា កាលពីថ្ងៃសុក្រមិ្សលមិញនេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុសកូវីត-១៩​ ចំនួន ៩១ នាក់​​ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​១,១៣៦ នាក់ ខណៈអ្នកស្លាប់បាន​កើនឡើងដល់ ៥ នាក់។ ទន្នឹមគ្នានេះដែរ ជំងឺកូវីដ-១៩ ចំនួន ៩៧ នាក់ ត្រូវបានទទួលការព្យាបាលជាសះស្បើយ ​ខណៈអ្នកជំងឺចំនួន ១,០៣៤ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ៕
ព្រះសង្ឃថៃពាក់ម៉ាសការពារវីរុសកូវីត-១៩ នៅឯវត្ត Wat Suthat ទីក្រុងបាងកក ប្រទេសថៃ