កំពុងពពោះ គួរញ៉ាំយ៉ាងម៉េចទើបមិនឡើងគីឡូខ្លាំង?

ស្រីៗមានផ្ទៃពោះត្រូវញ៉ាំអាហារច្រើនជាងធម្មតា ដើម្បីបំប៉នទាំងកូនក្នុងផ្ទៃ តែមនុស្សស្រីជាច្រើនតែងជួបប្រទះបញ្ហាឡើងគីឡូខ្លាំងអំឡុងពេលនេះ។ ដើម្បីជាគំនិតខ្លះៗ ម៉ាក់ៗ ៣ រូបបានចូលខ្លួនមកចែករំលែករបៀបញ៉ាំមិនឲ្យធាត់ តែកូនក្នុងពោះលូតលាស់បានត្រឹមត្រូវតាមក្បួនខ្នាត។

១- ញ៉ាំបាយច្រើនដង តែតិច

តៀន សុភាណា បានចែករំលែកថា ពេលមានផ្ទៃពោះអាហារពិតជាសំខាន់ខ្លាំងណាស់ តែបើញ៉ាំច្រើនជ្រុលតាមឃ្លានប្រាកដជាឡើងទម្ងន់ខ្លាំង ដូចនេះហើយទើបស្ត្រីរូបនោះជ្រើសរើសវិធីញ៉ាំបាយតិចៗ តែញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់ៗវ័យ ២៦ ឆ្នាំរូបនេះបានការណែនាំពីគ្រូពេទ្យពេលទៅពិនិត្យផ្ទៃពោះ ហើយឲ្យធ្វើបែបនេះរហូតដល់គ្រប់ខែ ឃើញថា ដៃជើងមិនធំជាងមុនពេលមានកូនឡើយ ហើយកូនក្នុងពោះវិញគ្រប់គីឡូល្អណាស់។ ស្ត្រីរស់នៅភ្នំពេញបានបន្តទៀតថា សរុបបាយញ៉ាំជាប្រចាំប្រហែល ៣ កូនចានចង្កឹះ ត្រី សាច់វិញប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែប្រហែល ៥ ខាំ ហើយផ្លែឈើ ៣ ខាំ/ថ្ងៃ តែញ៉ាំម្ដងបន្តិចៗ។

២- ញ៉ាំអាហារគ្មានជាតិខ្លាញ់

អ្នកនាង ខៀវ សុភី បានឲ្យយោបល់ថា អាហារដែលសម្បូរជាតិខ្លាញ់កុំញ៉ាំឲ្យសោះ តែបើឃ្លានខ្លាំងអាចញ៉ាំម្ដងម្កាលក៏មិនអីដែរ។ អ្នកម៉ាក់កូន ២ រូបនេះចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ពេលពពោះកូនម្ដងៗ ញ៉ាំតែអាហារប្រចាំថ្ងៃ ៣ ពេលប៉ុណ្ណោះ ហើយជាប្រភេទអាហារគ្មានជាតិខ្លាញ់ ព្រោះវានាំឲ្យធាត់ ក្រៅពីនោះចំណីចំណុកដទៃក៏មិនញ៉ាំផ្ដេសផ្ដាសដែរ ព្រោះវាមិនល្អចំពោះសុខភាព ញ៉ាំតែផ្លែឈើ ទឹកដោះគោប៉ុណ្ណោះ។

៣- រាងកាយមានចលនា

សម្រាប់ សា ម៉ូនីតា បានឲ្យដឹងថា កាលពេលពពោះកូនដំបូង ចាស់ៗឲ្យញ៉ាំរួចគេង មិនហ៊ានធ្វើអ្វីទាំងអស់ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ នៅពេលរាងកាយគ្មានចលនាអ្វីទាំងអស់ បែរជាឡើងទម្ងន់ខ្លាំងរហូតដល់ពិបាកកើតកូនទៀត តែពេលចូលដល់កូនទី ២ អ្នកម៉ាក់វ័យក្មេងបានស្វែងរកអ្នកជំនាញយូហ្កាផ្នែកថែទាំអ្នកមានផ្ទៃពោះ។ ក្រោយបានចូលវគ្គហ្វឹកហាត់ ៣ ខែធ្វើឲ្យអ្នកនាងយល់ថារាងកាយមិនស្ពឹកស្រពន់ សាច់ហាប់ណែន មិនធាត់សោះឡើយ ហើយថែមទាំងរហ័សរហួនជាងមុនឆ្ងាយថែមទៀតផង និងក្រៅពីនោះការធ្វើដំណើរក៏មិនបានពឹងផ្អែកលើយានជំនិះអ្វីច្រើនឡើយ ពោលពេលទៅណាជិតៗគឺអាចដើរទៅខ្លួនឯង ដោយមិនមានអាការៈហត់ដូចអ្នកមានផ្ទៃពោះដទៃទៀតដែរ។ អ្នករស់នៅក្រុងតាខ្មៅរូបនេះបន្តទៀតថា ពេលទៅជួបពេទ្យ ក៏ត្រូវបានណែនាំបែបនេះដែរ ហើយថាបើគ្មានថ្នាក់ហាត់យូហ្កា យើងក៏អាចហាត់ប្រាណតិចៗខ្លួនឯងដូចជាឧស្សាហ៍ដើរ និងធ្វើការងារផ្ទះជាប្រចាំ ដើម្បីឲ្យសរសៃសសូងយឺតមានចលនា ទើបខ្លាញ់មិនកក។លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ជាមតិណែនាំដល់ស្រីៗយើងថា ចាប់តាំងពីមានផ្ទៃពោះរហូតដល់ថ្ងៃសម្រាល ម៉ាក់ៗឡើងទម្ងន់បានតែចន្លោះពី ១០- ១២ គីឡូប៉ុណ្ណោះ មិនឲ្យលើសពី ១៤ គីឡូឡើយ។ ព្រោះពេលម្ដាយមានបញ្ហាលើសទម្ងន់ពេលមានផ្ទៃពោះ កូនក៏លើសទម្ងន់ដូចគ្នាទាំងពេលនៅក្នុងពោះ និងក្រោយសម្រាល។ ក្រៅពីអាហារល្អៗសម្បូរជីវជាតិហើយ លោកជំទាវឲ្យម៉ាក់ៗលេបថ្នាំជាតិដែក និងពពួកវីតាមីនមួយចំនួន ដើម្បីជួយឲ្យកូន និងយើងមានសុខភាពល្អ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet