មកជួប Ronaldo ដឹងតែកក្រើកទៀតហើយ! Juventus ដាក់គោលដៅ តាមយកកីឡាករលំដាប់ A ម្នាក់នេះ របស់ R.Madrid

  • សៅរ៍ ២៨ មីនា, ២០២០ ១៦:៥១
អ៊ីតាលី៖ ខ្សែការពារវ័យចំណាស់ Marcelo នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប មកចាប់អារម្មណ៍លើរូបគេ ក្នុងនោះ ក៏មានក្លិបសេះបង្កង់ Juventus មួយផងដែរ។
កីឡាករ Marcelo
មួយរយៈចុងក្រោយ ខ្សែការពារស្លាបឆ្វេងរបស់ Real Madrid មានលេចឮព័ត៌មានទៅនឹងការផ្លាស់ចេញពីកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីកៅអី១១នាក់ដំបូងរបស់គេ បានធ្លាក់ទៅលើកីឡាករ Ferland Mendy ក្នុងរដូវកាលនេះ។ក្លិប Juventus ត្រូវបានគេមើលឃើញថា អាចជាគោលដៅបន្ទាប់របស់ជម្រើសជាតិប្រេស៊ីល ចាប់តាំងពីមិត្តជិតស្និទ្ធរបស់គេ Cristiano Ronaldo ផ្លាស់មកចូលរួមជាមួយក្រុមជើងឯក Serie A កាលពីឆ្នាំ២០១៨មក។
Ronaldo ជាមួយនឹង Marcelo
ជាមួយគ្នានេះ អ្នកចាត់ការទូទៅក្រុមសេះបង្កង់លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា ធ្លាប់ដាក់សំណើចរចាយក Marcelo កាលពីរដូវក្ដៅឆ្នាំមុនម្ដងរួចមកហើយ។យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត La Stampa ដែលបានចុះផ្សាយកាលពីពេលថ្មីៗ  Juventus នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារវ័យ៣១ឆ្នាំ ដោយលើកនេះ ពួកគេគ្រោងផ្ដល់កិច្ចសន្យារយៈ ៤ឆ្នាំឯណោះទៅដល់ Marcelo។
កីឡាករ Marcelo
គួររម្លឹកផងដែរថា Marcelo បានផ្លាស់ពីក្លិបនៅប្រទេសប្រេស៊ីល មកចូលរួមជាមួយ Real Madrid តាំងពីឆ្នាំ២០០៧មកម៉្លេះ។ គិតមកទល់ពេលនេះ ក្នុងនាមជាខ្សែការពារ គេបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញ បានចំនួន ៥០៥ប្រកួត ស៊ុតបញ្ចូលទីបាន៣៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានរហូតដល់ទៅ៩៦ដង៕