ចុមយក្ស! Man UTD ត្រូវចាយលុយ ៥០០លានអឺរ៉ូ បើចង់បានកីឡាករកំពុងឡើងជើងរបស់ Real Madrid រូបនេះ

  • អាទិត្យ ២៩ មីនា, ២០២០ ០៩:០២
អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានធ្វើឲ្យ Manchester United បោះបង់ក្ដីស្រមៃចង់នាំយកកីឡាករ Federico Valverde ដោយដាក់តម្លៃខ្លួនសម្រាប់ខ្សែបម្រើរូបនេះរហូតដល់ ៥០០លានអឺរ៉ូ។
កីឡាករ Federico Valverde
កីឡាករវ័យ២១ឆ្នាំ Valverde បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យក្រុមអធិរាជសក្នុងរដូវកាលនេះ និងត្រូវបានគេព្យាករណ៍ថានឹងអាចក្លាយជា Steven Gerrard ជាទីពីរទៀតផង។ ខណៈអ្នកចាត់ការទូទៅ Zinedine Zidane តែងតែផ្ដល់ឱកាសឲ្យយុវជនជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះបង្ហាញខ្លួនក្នុងជម្រើសដំបូងសម្រាប់រដូវកាលនេះ។ អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer កំពុងតែសម្លឹងមើលក្នុងការពង្រឹងតំបន់បម្រើរបស់ក្រុមនៅរដូវកាលក្រោយ ដោយចង់បានខ្សែបម្រើម្នាក់ទៅចាប់ដៃគូជាមួយ​ Bruno Fernandes ដែលក្លិបទើបតែទិញចូលកាលពីទីផ្សារខែមករា និងសម្របខ្លួនបានយ៉ាងល្អនៅកីឡដ្ឋាន Old Trafford។
កីឡាករ Federico Valverde
យ៉ាងណាមិញ គម្រោងចង់បាន Valverde របស់លោក Solskjaer ហាក់ត្រូវបានជាប់គាំង ដោយយោងទៅតាមសារព័ត៌មាន Diario Madridsta បានឲ្យដឹងថា Manchester United បើសិនជាចង់ទិញផ្ដាច់កុងត្រារបស់ Valverde ពីកីឡដ្ឋាន Santiago Bernabeu នោះត្រូវចំណាយថវិការច្រើនរហូតដល់ទៅ ៥០០លានអឺរ៉ូ។បើសិនជាការផ្ទេរអាចកើតមានមែននោះ តម្លៃខ្លួន៥០០លានអឺរ៉ូនេះ នឹងក្លាយជាតម្លៃបំបែកឯតទគ្គកម្មនៅក្នុងប្រវត្តិសាស្រ្ត ខណៈបច្ចុប្បន្នតម្លៃនៃការផ្ទេរដែលខ្ពស់ជាងគេគឺ Neymar ដែលផ្លាស់ពី Barcelona ទៅចូលរួមជាមួយ Paris Saint-Germain កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ២២២លានអឺរ៉ូ។
កីឡាករ Federico Valverde
គួរឲ្យដឹងដែរថា Federico Valverde ចូលលេងឲ្យ Real Madrid បានចំនួន៣២ប្រកួតនៅរដូវកាលនេះ ដោយរកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤លើក ក្នុងនាមជាខ្សែបម្រើកណ្ដាល៕