មិនធម្មតា! មនុស្សលោកមានមហិច្ឆតាខ្ពស់ ក្នុងការសាងសង់ជម្រក នៅលើឋានព្រះចន្ទ ដោយប្រើប្រាស់ទឹកនោមរបស់ខ្លួន

អាមេរិក៖ អង្គការណាសានិងទីភ្នាក់ងារអវកាសដទៃទៀតកំពុងជាប់ចិត្ដ ជាមួយឋានព្រះចន្ទ ហើយពួកគេក៏មិនចង់ធ្វើដំណើរទស្សនារយៈពេលខ្លីនោះដែរ។ គោលបំណងរបស់ពួកគេគឺចង់ស្នាក់នៅតែម្ដង។ ប៉ុន្ដែប្រសិនបើមនុស្សចង់រស់នៅលើដីឋានព្រះចន្ទ ពួកយើងត្រូវការជម្រក។
គំរូជម្រករបស់មនុស្សនៅលើឋានព្រះចន្ទ
ជម្រកនាពេលអនាគតទាំងនោះ អាចនឹងគ្រាន់តែជាការលាយបញ្ចូលគ្នា រវាងទឹកនោមនិងដីឋានព្រះចន្ទប៉ុណ្ណោះ។ វានឹងមានតម្លៃថោកជាង ក្នុងការសាងសង់ជម្រកលើឋានព្រះចន្ទ ដោយប្រើប្រាស់ធនធានក្នុងតំបន់ ជាជាងដឹកគ្រឿងសំណង់មកពីផែនដី។ ក្រុមអ្នកវិទ្យាសាស្ដ្រអន្ដរជាតិដែលធ្វើការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប បានពិនិត្យមើលល្បាយអ៊ុយរ៉េ ដែលជាសមាសធាតុនៃទឹកនោម ជាមួយវត្ថុធាតុលើឋានព្រះចន្ទ ដើម្បីបង្កើតជាបេតុងព្រះចន្ទមួយប្រភេទ។ ទីភ្នាក់ងារព័ត៌មានរបស់មូលនិធិអេស្បាញសម្រាប់វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យាបាននិយាយថា ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនព្រីន 3D ដើម្បីផលិតបំពង់ស៊ីឡាំងនៃវត្ថុធាតុ ដែលបានបង្កើតមកពីរជ្ជៈសីលាព្រះចន្ទ និងរួមបញ្ចូលជាមួយអ៊ុយរ៉េ។ លទ្ធផលដំបូងគឺទទួលបានជោគជ័យ។
បំណែកអាចម៍បំណះ ដែលម៉ាស៊ីនព្រីន 3D នឹងបង្កើតទៅជាបំពង់ស៊ីឡាំង
បំពង់ស៊ីឡាំងដែលបានពីម៉ាស៊ីនព្រីន 3D នៃល្បាយអ៊ុយរ៉េ អាចទ្រាំទ្រដល់ទម្ងន់ធ្ងន់ ហើយនៅតែមានស្ថេរភាព។ នៅពេលដែលកម្ដៅកើនដល់ ៨០ អង្សាសេ ភាពធន់របស់វាក៏ត្រូវបានសាកល្បងផងដែរ។ អ្នកវិទ្យាសាស្ដ្រក៏បានធ្វើការស្រាវជ្រាវ លើការប្រើប្រាស់កាកសំណល់ផ្សេងទៀត របស់អវកាសយានិករួចហើយដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Clemson បានពិនិត្យមើលការប្រើប្រាស់មេផ្សំ ទឹកនោម និងកាបូនឌីអុកស៊ីតពីដង្ហើមរបស់អវកាសយានិក ដើម្បីផលិតទៅជាសម្ភារៈដែលអាចប្រើប្រាស់បានផងដែរ៕