ស្របពេលពិភពលោកកំពុងជ្រួលច្របល់ ផ្កាយដុះកន្ទុយមួយនឹងលេចឡើង ដែលអាចនឹងមើលឃើញ ដោយភ្នែកទទេ ក្នុងពេលឆាប់ៗ

បរទេស៖ ផ្កាយដុះកន្ទុយ C/2019 Y4 ឬ Atlas ដែលត្រូវបានប្រទះដោយក្រុមតារាវិទូ ជាលើកដំបូង នៅចុងខែធ្នូ ឆ្នាំ ២០១៩ កំពុងហោះចូលមកផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ។ ខណៈពេលនេះ ពន្លឺរបស់វាមានសភាពខ្សោយ ដែលចាំបាច់ត្រូវតែប្រើកែវឆ្លុះ ហើយក្រុមអ្នកវិទ្យាសាស្ដ្រគិតថា យើងប្រហែលជាអាចមានឱកាសមើលវា ដោយភ្នែកទទេបាន។ ការព្យាករណ៍គឺថា ប្រសិនបើវាមិនរលាយអស់ មុនពេលធ្វើដំណើរទៅក្បែរព្រះអាទិត្យនោះទេ យើងអាចនឹងមើលឃើញវា នៅពេលណាមួយ នៅចុងខែមេសាដល់ដើមខែឧសភា។ ផ្កាយដុះកន្ទុយមួយនេះអាចនឹងហោះទៅជិតព្រះអាទិត្យបំផុត នៅថ្ងៃទី៣១​ ខែឧសភា។ ឥឡូវនេះ វាស្ថិតនៅក្បែរគន្លងរបស់ភពអង្គារ។
ផ្កាយដុះកន្ទុយ C/2019 Y4 ឬ Atlas
ផ្កាយដុះកន្ទុយគឺជាដុំទឹកកកកខ្វក់ ដែលបន្សល់ទុក បន្ទាប់ពីកំណើតប្រព័ន្ធព្រះអាទិត្យ។ ខណៈពេលដែលផ្កាយដុះកន្ទុយមួយ ត្រូវធ្វើដំណើរដោយទំនាញព្រះអាទិត្យ ដុំទឹកកករបស់វានឹងក្ដៅហើយរលាយ បន្ទាប់មកវានឹងបង្កើតបានជាកន្ទុយដ៏ស្រស់ស្អាត។ នៅក្នុងខែឧសភា ផ្កាយដុះកន្ទុយនេះអាចនឹងរះឡើង ដោយមានពន្លឺពណ៌បៃតង ដែលផ្ដល់នូវទិដ្ឋភាពប្លែក សម្រាប់អ្នកទស្សនានៅអឌ្ឍគោលខាងជើង។ នៅពេលដែលវាត្រូវបានគេប្រទះឃើញដំបូង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ផ្កាយដុះកន្ទុយនេះមានចម្ងាយ ៤៣៩ លានគីឡូម៉ែត្រពីព្រះអាទិត្យ។ យ៉ាងណាមិញ ពេលដែលវាខិតទៅជិតព្រះអាទិត្យបំផុត ចម្ងាយរបស់វានឹងស្ថិតនៅ ៣៧,៨ លានគីឡូម៉ែត្រ។
ផ្កាយដុះកន្ទុយ C/2019 Y4 នៅថ្ងៃទី៦ ខែមីនា
ឥឡូវនេះ គេអាចឆ្លុះឃើញផ្កាយដុះកន្ទុយមួយនេះ នៅក្បែរតារានិករ Ursa Major ដែលអាចមើលឃើញនៅអឌ្ឍគោលខាងជើង ពេញមួយយប់ក្នុងអំឡុងពេលវាឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង។ យ៉ាងណាក៏ដោយ វាគ្រាន់តែជាការព្យាករណ៍ទុកជាមុន ប្រសិនបើការធ្វើដំណើររបស់វាទៅជិតព្រះអាទិត្យ មិនបានរលាយអស់នោះទេ យើងអាចមានឱកាស នឹងមើលឃើញវាដោយភ្នែកទទេ តាមកាលវេលាដែលគេបានទស្សន៍ទាយ។ គួរបញ្ជាក់ផងដែរថា វត្ដមានរបស់ផ្កាយដុះកន្ទុយមួយនេះ គឺអំណោយផលចំពោះអ្នកដែលរស់នៅអឌ្ឍគោលខាងជើង ហើយចំពោះប្រទេសកម្ពុជានៅមិនទាន់ដឹងច្បាស់ថា យើងអាចនឹងមើលឃើញវាដែរឬទេ ព្រោះវាអាចស្ថិតនៅក្បែរជើងមេឃទិសខាងជើង៕