ព្រោះតែ Covid-១៩៖ ខេត្តភូកេតត្រូវបានបិទមិនឲ្យមានការធ្វើដំណើរចេញ-ចូល

  • ច័ន្ទ ៣០ មីនា, ២០២០ ១៣:១០
ភូកេត៖ ប៉ូលីសនិងមន្រ្តីរដ្ឋបាលបានបិទប៉ុស្តិ៍ត្រួតពិនិត្យ Tha Chat Chai ក្នុងតំបន់ Mai Khao នៃស្រុក Thalang ទាំងកណ្តាលអធ្រាត្រ ដោយរារាំងប្រជាជនមិនឱ្យចូលឬចាកចេញពីខេត្ត បែបរមណីយដ្ឋានកោះមួយនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺ Covid-១៩។ ការបិទនេះគឺអនុលោមតាមបទបញ្ជាលេខ ១១/២០២០ ដែលចេញដោយអភិបាលខេត្តភូកេត លោក Pakkapong Taweepat កាលពីថ្ងៃអាទិត្យ។ ការលើកលែងចំពោះបម្រាមចេញ-ចូលនេះគឺមានតែយានយន្តដឹកស្បៀងអាហារ និងរបស់របរសំខាន់ៗដូចជា៖​ ប្រេងឥន្ធនៈ សម្ភារសំណង់ ឧបករណ៍ពេទ្យ រថយន្តសង្គ្រោះ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់រដ្ឋតែប៉ុណ្ណោះ។ ក្រោមបទបញ្ជាតែមួយ ប្រជាជននិងនាវាគ្រប់ប្រភេទក៏ត្រូវបានហាមឃាត់មិនឱ្យចូល និងចាកចេញពីខេត្តតាមរយៈកំពង់ផែអន្ដរជាតិរបស់ខ្លួន លើកលែងតែកប៉ាល់ដឹកទំនិញដែលនាវិកត្រូវនៅលើនាវា។ ការហាមឃាត់មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា។
ប៉ូលីស និងមន្រ្តីរដ្ឋបាលបានបិទប៉ុស្តិ៍ត្រួតពិនិត្យទាំងកណ្តាលអធ្រាត្រ
នៅពេលការហាមឃាត់ត្រូវបានប្រកាសនៅល្ងាចថ្ងៃអាទិត្យ ប្រជាជនមកពីខេត្តផ្សេងទៀតដែលស្នាក់នៅក្នុងខេត្តភូកេតបានចាប់ផ្តើមប្រញាប់ចាកចេញពីកោះនេះតាមប៉ុស្តិ៍ត្រួតពិនិត្យ Tha Chat Chai ហើយប្រជាជនខេត្តភូកេតដែលនៅខាងក្រៅខេត្តក៏ប្រញាប់ទៅផ្ទះមុនពាក់កណ្តាលអធ្រាត្រផងដែរ។ បន្ទាប់ពីពាក់កណ្តាលអធ្រាត្ររបាំងត្រូវបានដាក់នៅលើផ្លូវទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយប៉ូលីស និងមន្រ្តីមូលដ្ឋានបានធ្វើការរារាំង។ ក្រុមប្រជាជនភូកេតដែលត្រឡប់មកវិញភ្លាមៗ ត្រូវបានគេបដិសេធមិនឲ្យចូល។ ពួកគេបានតវ៉ាថា ការហាមឃាត់ត្រូវបានអនុវត្តភ្លាមៗ ដូច្នេះពួកគេគ្មានពេលដើម្បីមកដល់មុនថ្ងៃកំណត់ទេ។ លោក Supot Roddee អភិបាលរងខេត្តភូកេតបានពន្យល់ពួកគេថា បម្រាមនេះគឺជាបទបញ្ជា បន្ទាន់ដែលត្រូវបានធ្វើឡើងដោយសារការកើនឡើងនៃចំនួននៃការឆ្លងជម្ងឺ Covid-១៩។ បន្ទាប់ពីការជជែកពួកគេត្រូវបានអនុញ្ញាតិឱ្យឆ្លងកាត់បន្ទាប់ពីមានការត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេរួចរាល់៕
ខេត្តភូកេតត្រូវបានបិទការធ្វើដំណើរចេញ-ចូល