អ្នកណាវិញអ៊ីចេះ! ប្រធានក្លិប Barcelona ចង់បានខ្សែប្រយុទ្ធឡើងជើងម្នាក់នេះ តែមិនមែន Martinez ទេ

  • ច័ន្ទ ៣០ មីនា, ២០២០ ១៦:១៥
អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu ត្រូវបានរាយការណ៍មកថា ចង់ឲ្យក្លិបរបស់លោកនាំយកខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Erling Braut Haaland មិនមែន Lautaro Martinez នៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។
លោក Josep Maria Bartomeu
ក្លិបជើងឯកអេស្ប៉ាញរំពឹងថានឹងអាចនាំចូលខ្សែប្រយុទ្ធថ្មីមួយរូបដើម្បីមកជំនួសកន្លែងរបស់កីឡាករចាស់វស្សា Luis Suarez នៅទីផ្សារដែលនឹងមកដល់នាពេលខាងមុខ។ ក្នុងនោះ Lautaro Martinez មានព័ត៌មានលេចឭមកច្រើនជុំវិញការផ្លាស់មកកាន់កីឡដ្ឋាន Camp Nou ខណៈប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានយកព្រមលកខ្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករជម្រើសជាតិអាហ្សង់ទីនហើយ។
កីឡាករLautaro Martinez
យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញ លោក Bartomeu ចង់ឲ្យ Barcelona នាំយក Haaland ដែលជាជើងស៊ុតរបស់ Dortmund ហើយចំពោះតម្លៃខ្លួនវិញក៏ទាបជាង Martinez ផងដែរ។ Haaland រកបានគ្រាប់បាល់៤០គ្រាប់ហើយ ពីការបង្ហាញខ្លួន៣៣ប្រកួតឲ្យ Red Bull Salzburg និង Borussia Dortmund ក្នុងរដូវកាលនេះ ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេពីក្លិបអាល្លឺម៉ង់គឺប្រមាណជា៥០លានផោន។
កីឡាករ Erling Braut Haaland
ក្រឡេកមកមើល Lautaro Martinez ឯណេះវិញ មានតម្លៃនៃការទិញផ្ដាច់កុងត្រាពី Inter Milan គឺចំនួន៩៤លានផោន។ កីឡាករវ័យ២២ឆ្នាំចូលលេងឲ្យក្រុមរបស់លោក Antonio Conte នៅរដូវកាលនេះ បាន៣១ប្រកួត និងរកគ្រាប់បាល់បាន១៦គ្រាប់៕