អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យអ្នកលក់ម៉ាស និង​ទឹ​ក​​លាង​ដៃ​​ដាក់​ស្លាក​តម្លៃ​ឲ្យធំៗ ពីមុខហាង

  • ពុធ ០១ មេសា, ២០២០ ១០:១៦
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ នៅថ្ងៃអង្គារ ៣១មីនានេះ បានអំពាវនាវដល់អ្នកអាជីវករលក់ម៉ាស និងទឹកលាងដៃ ឲ្យដាក់ស្លាកតម្លៃឲ្យធំៗ ពីមុខហាងលក់ផលិតផលរបស់ខ្លួន។ការអំពាវនាវរបស់មន្ត្រីខាងលើ​ធ្វើឡើង ដោយលោកអះអាងថាមួយរយៈចុងក្រោយនេះ វិស័យអនឡាញលើសម្ភារៈ​ការពារកូវីដ១៩ ដូចជាម៉ាស និងអាល់កុលលាងដៃជាដើមនោះកំពុងត្រូវបានគេឃោសនា ហើយអាជីវករមួយ​ចំនួន​បានបង្ហោះលក់ដោយដំឡើងថ្លៃហួសហេតុ។ លោកថា​ ការដាក់ស្លាកតម្លៃម៉ាស និងអាល់កុលធំៗពីមុខហាង គឺដើម្បីប្រៀបធៀបតម្លៃរវាងអ្នកលក់អនឡាញ និងតម្លៃតាមតូប។ បែបនោះ អ្នកលក់អនឡាញលែងហ៊ានដំឡើងថ្លៃលើសលប់ទៀតហើយ។លោកប្រាប់ Khmerloadថា៖ «វិធានការបន្ថែមក្រៅពីអំពាវនាវ យើងសុំឲ្យអ្នកលក់ដាក់ស្លាកតម្លៃឲ្យធំៗ ដើម្បីឲ្យអ្នក​ជិះ​តាមផ្លូវមើលឃើញ។ អ៊ឹចឹងបើតម្លៃសមរម្យពេលយើងជិះតាមផ្លូវ ឃើញពីចម្ងាយ យើងអាចចូលទិញ។ បើយើងដឹងតម្លៃ យើងមិនយកចិត្តទុកដាក់ទិញអ្នកអនឡាញដែលលក់ថ្លៃឡើយ។ បែបនេះ អាចកាត់បន្ថយអ្នកលក់​អនឡាញមិនឲ្យឡើងថ្លៃបាន ព្រោះយើងដឹងតម្លៃជាសាធារណៈហើយ»។គួររំឭកថា កន្លងទៅក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំម្តងហើយម្តងទៀត ស្តីពីការហាមឃាត់ការ​លក់​ដំឡើង​ថ្លៃម៉ាស អាល់កុល ព្រមទាំងសម្ភារៈសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអេឡិចត្រូនិក​ (Online)​។​ ក្រៅពីនេះ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា អ្នកលក់អនឡាញ ការពិតទៅបើលក់ដំឡើងថ្លៃធម្មតា ក្រសួងក៏​មិនថាអីដែរ។ តែអ្នកលក់ខ្លះ ដំឡើងថ្លៃហួសហេតុដែលអ្នកនាំពាក្យខាងលើថា អាចធ្វើឲ្យសង្គមជ្រួលច្របល់៕
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ