នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ពុំទាន់​មានឧបករណ៍​ណា​មួយ​​​​អាច​សម្លាប់​កូវីដ​​១៩ នៅឡើយ

  • ពុធ ០១ មេសា, ២០២០ ១១:០៩
«បច្ចុប្បន្ននេះពុំទាន់មានឧបករណ៍មួយណាអាចព្យាបាល ឬសម្លាប់មេរោគកូវីដ-១៩ ដែលទទួលស្គាល់ពី​អង្គការ​សុខភាពពិភពលោក ឬក្រសួងសុខាភិបាលនៅឡើយទេ»។នេះជាការបង្ហោះដោយផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាថ្ងៃ៣១ មីនាកន្លងទៅ។ ការចេញសារយ៉ាងដូច្នេះ ដោយនាយកដ្ឋានខាងលើអះអាងថា កន្លងមកមានការផ្សព្វផ្សាយ បំភ្លើស និងជា​ព័ត៌មានមិនពិត ទាក់ទងទៅនឹងការផលិត និងដាក់ឱ្យប្រើប្រាស់ឧបករណ៍ បាញ់សម្លាប់មេរោគកូវីត-១៩ ដោយស្វ័យប្រវត្តិ។ស្ថាប័នបានទាក់ទងទៅអ្នកផលិតឧបករណ៍ដែលផ្សាយតាមបណ្តាញសង្គម ដើម្បីធ្វើការសាកសួរយកព័ត៌មានលម្អិត ហើយអ្នកផលិតឧបករណ៍នោះក៏បានបញ្ជាក់ថា តាមការពិតឧបករណ៍នោះប្រើសម្រាប់បាញ់អាល់កុល​ដោយស្វ័យ​ប្រវត្តិរាល់ពេលមានមនុស្សឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថាវាអាចសម្លាប់មេរោគកូវីដ-១៩ បានទេ។ ដូច្នេះ នាយកដ្ឋានបានអំពាវនាវប្រាប់ពលរដ្ឋ កុំមានការយល់ច្រឡំ ព្រោះនេះមិនមែនជាការពិតទេដែលថា ឧបករណ៍​នេះអាចសម្លាប់មេរោគកូវីត-១៩ បាន១០០% ដោយស្វ័យប្រវត្តិដូចដែលបានផ្សព្វផ្សាយបំផ្លើសក្នុងផេក​មួយចំនួន​នោះ។ នាយកដ្ឋានបានបន្ថែមថា ពេលនេះខ្លួនកំពុងធ្វើការស៊ើបរកជនទាំងនោះ មកចាត់វិធានការតាមផ្លូវច្បាប់​ផងដែរ។គួរបញ្ជាក់ថា កន្លងមកមានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយលក់ផលិតផលមួយចំនួនពាក់ព័ន្ធកូវីដ១៩ ដែលមន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់បានអះអាងថា អ្នកទាំងនោះផ្សព្វផ្សាយព័ត៌មានមិនពិត។ មិនពិតដោយស្ថាប័ន​ពាក់ព័ន្ធថាពិនិត្យឃើញពួកគេផ្សាយលក់បំផ្លើស ដើម្បីផលប្រយោជន៍លើផលិតផលរបស់ខ្លួន ដោយមិនបាន​គិតគូរពីសុខភាពរបស់ពលរដ្ឋដូចគ្នា ខណៈកម្ពុជាកំពុងរងគ្រោះដោយសារកូវីដ១៩ ដូចប្រទេសដទៃដែរ៕
រូបភាពបង្ហោះដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា