សត្វឆ្មាដំបូងគេនៅហុងកុង ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩

  • ពុធ ០១ មេសា, ២០២០ ១៣:២២
ហុងកុង៖ យោងតាមមន្ទីរកសិកម្ម និងជលផលប្រចាំហុងកុង បានឲ្យដឹងថា សត្វឆ្មាមួយក្បាលបានធ្វើតេស្ដវិជ្ជមានវីរុសប្រភេទថ្មីកូវីដ-១៩ បន្ទាប់ពីម្ចាស់របស់វាត្រូវគេបញ្ជាក់ថា មានផ្ទុកវីរុសនេះដែរ។ឆ្មាមួយក្បាលនោះ ត្រូវបានគេធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីការប្រមូលសំណាកពីមាត់ ច្រមុះ និងគូទរបស់វាយកទៅពិនិត្យ។ ហើយឆ្មានោះដែរ គឺជាសត្វចិញ្ចឹមទីបីហើយនៅហុងកុង ដែលបានធ្វើតេស្ដវិជ្ជមានវីរុសថ្មីនេះ បន្ទាប់ពីករណីមុនៗ ត្រូវបានរកឃើញនៅលើសត្វសុនខចំនួនពីរក្បាល។
រូបតំណាង
បើតាមសមាគមពេទ្យសត្វបានឲ្យដឹងថា សត្វចិញ្ចឹមទាំងអស់ទំនងជាឆ្លងវីរុសមកពីម្ចាស់របស់ពួកវា ឬ មនុស្សដទៃទៀតដែលមានផ្ទុកវីរុសនេះ។យ៉ាងណាមិញ បើយោងទៅតាមសេចក្ដីជូនដំណឹងមួយរបស់នាយកដ្ឋានកសិកម្ម និងជលផល កាលពីល្ងាចថ្ងៃអង្គារ ទី ៣១ ខែ មីនា ម្សិលមិញបាននិយាយថា បច្ចុប្បន្ននេះ មិនមានភ័ស្ដុតាងណាមួយបញ្ជាក់ថា សត្វចិញ្ចឹមគឺជាប្រភពនៃជំងឺកូវីដ-១៩ នៅឡើយទេ ហើយម្ចាស់ក៏ពុំគួរបោះបង់ពួកវាចោលឡើយ។ ចំណែក អង្គការសុខភាពពិភពលោកឯណោះវិញ ក៏បានបញ្ជាក់នៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួន ដូច្នេះផងដែរ៕